កិច្ចការ 8:1-25

កិច្ចការ 8:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​លោក​សុល​ក៏​មាន​ចំណែក​ក្នុង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ មាន​ការ​បៀត​បៀន​ជា​ខ្លាំង​មក​លើក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុម​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពាស​ពេញ​ស្រុក​យូដា និង​ស្រុក​សា‌ម៉ារី លើក​លែង​តែ​ពួក​សាវក។ បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។ រីឯ​លោក​សុល​វិញ បាន​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ ដោយ​ចូល​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ ហើយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ដាក់​គុក។ ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ បាន​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រកាស​ព្រះ‌បន្ទូល។ លោក​ភីលីព​ចុះ​ទៅ​ទី​ក្រុង​មួយ​នៅ​ស្រុក​សា‌ម៉ារី ប្រកាស​ប្រាប់​គេ​អំពី​ព្រះ‌គ្រីស្ទ មហាជន​រួម​ចិត្ត​គ្នា​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សេចក្ដីដែល​លោក​ភីលីព​មាន​ប្រសាសន៍ ដោយ​គេ​ឮ និង​ឃើញ​ទី​សម្គាល់​ដែល​លោក​បាន​ធ្វើ ដ្បិត​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើនបាន​ជា។ ដូច្នេះ នៅ​ទី​ក្រុង​នោះ​មាន​អំណរជា​ខ្លាំង។ នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ពី​មុន​ជា​អ្នក​ដែល​នាំ​ឲ្យ​សាសន៍​សា‌ម៉ារី​កោត​សរសើរ ដោយ​ធ្លាប់​ប្រើ​មន្ត​អាគម ទាំង​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ធំ។ គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គាត់ ដោយ​ពោល​ថា៖ «អ្នក​នេះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដ៏​ធំ​ហើយ!»។ គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គាត់ ព្រោះ​គាត់​សម្តែង​មន្ត​អាគម​ឲ្យ​គេ​ស្ញើច​សរសើរ​យូរ​មក​ហើយ។ ប៉ុន្ដែ ពេល​គេ​បាន​ជឿ​តាម​លោក​ភីលីព ដែលបាន​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះរាជ្យ​របស់​ព្រះ និង​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស​ទាំង​ស្រី។ ស៊ីម៉ូន​ផ្ទាល់​ក៏​ជឿ​ដែរ ហើយក្រោយ​ពី​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ក៏​នៅ​ជាប់​ជាមួយ​លោក​ភីលីព​រហូត ហើយ​គាត់​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​បាន​កើត​ឡើង។ កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។ លុះ​អ្នក​ទាំង​ពីរ​បាន​ចុះ​ទៅ​ដល់ ក៏​អធិស្ឋាន​ឲ្យ​ពួក​គេដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​បាន​យាង​ចុះ​មកសណ្ឋិត​លើ​ពួក​គេ​ណា​ម្នាក់​នៅ​ឡើយ​ទេ គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ​ប៉ុណ្ណោះ។ ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​តាម​រយៈ​ពួក​សាវក​ដាក់​ដៃ​លើ គាត់​ក៏​យក​ប្រាក់​មក​ជូនអ្នក​ទាំង​ពីរ ដោយ​ពោល​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ»។ ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក វិនាស​ជា‌មួយ​អ្នក​ទៅ​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​ប្រាក់​មក​ទិញ​អំណោយ‌ទាន​របស់​ព្រះ​បាន! អ្នក​គ្មាន​ភាគ គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ​ទេ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​នេះ​ទៅ ហើយ​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់ ក្រែង​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ដែល​មានបំណងបែប​នេះ។ ដ្បិត​ខ្ញុំ​ឃើញ​ថា អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ក្នុង​ចំណង​នៃ​អំពើ​ទុច្ចរិត​ដែរ»។ លោក​ស៊ីម៉ូន​តប​ថា៖ «សូម​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណាកើត​ឡើង​ដល់​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។ កាល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់ ហើយ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ ពួក​លោក​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ដំណឹង​ល្អ​ដល់​ភូមិ​ជា​ច្រើន​របស់​សាសន៍​សា‌ម៉ារី។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​បៀត‌បៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន​លើក‌លែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។ អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។ រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុម‌ជំនុំ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។ ពួក​សិស្ស*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។ លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រិស្ត* ។ មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ គឺ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ ប្រជា‌ជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន រស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្ត‌អាគម ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​អ្នក​ធំ​មួយ​រូប។ ប្រជា‌ជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ឫទ្ធា‌នុភាព​ដ៏​ឧត្តុង្គ‌ឧត្ដម»។ ប្រជា‌ជន​ពេញ​ចិត្ត​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សម្តែង​មន្ត‌អាគម​ឲ្យ​គេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ កាល​គេ​ជឿ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ទាំង​ប្រុស ទាំង​ស្រី។ លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទៀត​ផង ហើយ​គាត់​នៅ​ជាប់​នឹង​លោក​ភីលីព​ជានិច្ច។ កាល​គាត់​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​ក៏​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង។ ក្រុម​សាវ័ក*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។ លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក*​ទាំង​ពីរ​ក៏​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដ្បិត​ព្រះ‌វិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ប៉ុណ្ណោះ។ ពេល​នោះ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ*​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ កាល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​ជឿ ដោយ​សាវ័ក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវ័ក​ទាំង​ពីរ ហើយ​ពោល​ថា៖ «សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែរ»។ លោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់​បាន! អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។ ចូរ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ក្រែង​លោ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។ លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។ ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្ដី​បៀត‌បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​តែ‌ពាស ក្នុង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។ ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា នឹង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ ព្រោះ​មាន​អារក្ស​អសោចិ៍ ដែល​បាន​ចូល​មនុស្ស​ជា​ច្រើន វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង នឹង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។ រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់‌ភាំង ដោយ​វិធី​មន្ត‌អាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់ តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។ កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស នឹង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។

ចែក​រំលែក
អាន កិច្ចការ 8