កិច្ចការ 8:1-25

កិច្ចការ 8:1-25 ពគប

នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្ដី​បៀត‌បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​តែ‌ពាស ក្នុង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។ ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។ ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា នឹង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ ព្រោះ​មាន​អារក្ស​អសោចិ៍ ដែល​បាន​ចូល​មនុស្ស​ជា​ច្រើន វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង នឹង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។ រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់‌ភាំង ដោយ​វិធី​មន្ត‌អាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់ តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។ កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស នឹង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។

អាន កិច្ចការ 8