កិច្ចការ 4:1-28
កិច្ចការ 4:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។ ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។ គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ ហើយចំនួនបុរសកើនឡើង មានប្រមាណជាប្រាំពាន់នាក់។ លុះស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ និងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ជាមួយលោកអាណ ជាសម្តេចសង្ឃ លោកកៃផា លោកយ៉ូហាន លោកអ័លេក្សានត្រុស និងក្រុមគ្រួសាររបស់សម្តេចសង្ឃទាំងអស់។ កាលគេបាននាំអ្នកទាំងពីរ មកឈរនៅកណ្តាលចំណោមហើយ គេសួរថា៖ «តើអ្នកធ្វើការនេះអាងលើអំណាចអ្វី ឬដោយឈ្មោះអ្នកណា?» ពេលនោះ លោកពេត្រុស ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកនាម៉ឺនរបស់ប្រជាជន និងពួកចាស់ទុំអើយ ប្រសិនបើអស់លោកសួរយើងខ្ញុំនៅថ្ងៃនេះ ពីការល្អដែលបានធ្វើដល់បុរសពិការម្នាក់ ថាគាត់បានជាដោយរបៀបណា នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះយេស៊ូវនេះជា "ថ្មដែលអស់លោកជាជាងសង់ផ្ទះបានបោះចោល ទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ" ។ គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។ ប៉ុន្ដែ ដោយឃើញបុរសដែលបានជានោះ ឈរនៅជាមួយអ្នកទាំងពីរ អស់លោកទាំងនោះ គ្មានពាក្យណានឹងឆ្លើយតបបានសោះ។ ដូច្នេះ គេក៏បញ្ជាឲ្យអ្នកទាំងពីរចេញពីក្រុមប្រឹក្សានោះទៅ ហើយគេពិគ្រោះគ្នាថា៖ «តើយើងត្រូវធ្វើដូចម្ដេចដល់អ្នកទាំងពីរនេះ? ដ្បិតគេបានធ្វើទីសម្គាល់យ៉ាងអស្ចារ្យ មនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិមក៏បានឃើញច្បាស់ ហើយយើងក៏មិនអាចប្រកែកបានផង។ ប៉ុន្ដែ ដើម្បីកុំឲ្យរឿងនេះឮសុសសាយដល់ប្រជាជន សូមយើងហាមគេ កុំឲ្យគេនិយាយប្រាប់អ្នកណា ក្នុងនាមនេះទៀត»។ ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។ ប៉ុន្ដែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យយើងខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ ដ្បិតយើងខ្ញុំមិនអាចឈប់និយាយពីការដែលយើងខ្ញុំបានឃើញ និងឮនោះបានឡើយ»។ បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។ រីឯបុរសដែលបានទទួលទីសម្គាល់នៃការប្រោសឲ្យជានេះ គាត់មានអាយុជាងសែសិបឆ្នាំហើយ។ ក្រោយពីបានរួចខ្លួនហើយ អ្នកទាំងពីរនាំគ្នាទៅជួបមិត្តសម្លាញ់របស់ខ្លួន ហើយរៀបរាប់ប្រាប់ពីសេចក្តីទាំងប៉ុន្មានដែលពួកសង្គ្រាជ និងពួកចាស់ទុំបាននិយាយ។ កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ ព្រះអង្គមានព្រះបន្ទូល ដោយសារមាត់របស់ព្រះបាទដាវីឌ បុព្វបុរសរបស់យើង ដែលជាអ្នកបម្រើរបស់ព្រះអង្គថា "ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ? ពួកស្ដេចនៅលើផែនដីបានប្រុងប្រៀបខ្លួន ឯពួកមេគ្រប់គ្រងបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទ របស់ព្រះអង្គ "។ ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។
កិច្ចការ 4:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ* មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ី*មកដល់។ ពួកគេទាស់ចិត្តនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។ លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* ប្រជុំគ្នានៅក្រុងយេរូសាឡឹម ជាមួយលោកមហាបូជាចារ្យ*អាណ លោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។ លោកទាំងនោះបានបញ្ជាឲ្យគេនាំលោកពេត្រុស និងលោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។ ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកមានប្រសាសន៍ទៅគេថា៖ «សូមជម្រាបអស់លោកជាអ្នកដឹកនាំប្រជាជន និងអស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះ អស់លោកសួរចម្លើយយើងខ្ញុំពីអំពើល្អ ដែលយើងខ្ញុំសង្គ្រោះអ្នកពិការឲ្យជាតាមរបៀបណានោះ។ សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះជា ដោយសារព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” ។ ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់*ឃើញលោកពេត្រុស និងលោកយ៉ូហាន មានចិត្តអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលជានោះឈរនៅជាមួយស្រាប់។ ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ? យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។ ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។ កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ? ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ត*របស់ព្រះអង្គ” ។ ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។ គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និងតាមព្រះតម្រិះរបស់ព្រះអង្គ។
កិច្ចការ 4:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់ គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀន ដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។ ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ នឹងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ព្រមទាំងលោកអាណ ជាសំដេចសង្ឃ លោកកៃផា លោកយ៉ូហាន នឹងលោកអ័លេក្សានត្រុស ហើយអស់អ្នកដែលជាគ្រួសារនៃសំដេចសង្ឃដែរ កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន នឹងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ ដូច្នេះ កាលបានបង្គាប់ឲ្យគេចេញពីពួកក្រុមជំនុំទៅបន្តិច នោះក៏ពិគ្រោះគ្នាថា តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្សនៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។ លុះបានលែងស្រេចហើយ នោះក៏នាំគ្នាទៅឯពួករបស់ខ្លួនវិញ ទាំងរ៉ាយរឿងប្រាប់ពីសេចក្ដីទាំងប៉ុន្មានដែលពួកសង្គ្រាជ នឹងពួកចាស់ទុំបានហាមប្រាម កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់» ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ នឹងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ នឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន