កាលអ្នកទាំង២ កំពុងតែនិយាយនឹងបណ្តាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារ ក៏មកដល់ គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀន ដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្តាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។ ដល់ស្អែកឡើង ពួកនាម៉ឺន ពួកចាស់ទុំ នឹងពួកអាចារ្យ ក៏ប្រជុំគ្នានៅក្រុងយេរូសាឡិម ព្រមទាំងលោកអាណ ជាសំដេចសង្ឃ លោកកៃផា លោកយ៉ូហាន នឹងលោកអ័លេក្សានត្រុស ហើយអស់អ្នកដែលជាគ្រួសារនៃសំដេចសង្ឃដែរ កាលបាននាំអ្នកទាំង២មក ដាក់នៅកណ្តាលចំណោមហើយ នោះក៏ពិចារណាសួរថា ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា នោះពេត្រុស ដែលពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏ជំរាបថា ឱលោកដ៏ធំលើបណ្តាជន នឹងពួកលោកចាស់ទុំទាំងឡាយ នៃសាសន៍អ៊ីស្រាអែលអើយ នៅថ្ងៃនេះ បើសិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផង ថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គនោះ ជាថ្មដែលលោករាល់គ្នា ជាជាងសង់ផ្ទះ បានមើលងាយ ប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញ ហើយគ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ កាលបានឃើញថា ពេត្រុស នឹងយ៉ូហានមានចិត្តក្លាហាន នោះពួកលោកទាំងនោះក៏មានសេចក្ដីអស្ចារ្យដោយដឹងថា គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ តែលោកគ្មានពាក្យណានឹងឆ្លើយតបមកវិញសោះ ដោយឃើញមនុស្សដែលបានជា គាត់ឈរជាមួយនឹងគេ ដូច្នេះ កាលបានបង្គាប់ឲ្យគេចេញពីពួកក្រុមជំនុំទៅបន្តិច នោះក៏ពិគ្រោះគ្នាថា តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្សនៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង ប៉ុន្តែ ចូរយើងកំហែងហាមគេ មិនឲ្យនិយាយនឹងអ្នកណាទៀត ដោយឈ្មោះនោះទៀតឡើយ ដើម្បីកុំឲ្យរឿងនេះផ្សាយទៅក្នុងពួកជនទៀត រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ តែពេត្រុស នឹងយ៉ូហាន ឆ្លើយតបថា បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។ លុះបានលែងស្រេចហើយ នោះក៏នាំគ្នាទៅឯពួករបស់ខ្លួនវិញ ទាំងរ៉ាយរឿងប្រាប់ពីសេចក្ដីទាំងប៉ុន្មានដែលពួកសង្គ្រាជ នឹងពួកចាស់ទុំបានហាមប្រាម កាលពួកជំនុំបានឮដូច្នោះ នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ ដែលនៅស្ថានទាំងនោះផង ទ្រង់បានមានបន្ទូល ដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់» ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ នឹងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃ នឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ដើម្បីនឹងធ្វើអស់ទាំងការដែលព្រះហស្តទ្រង់ នឹងព្រះដំរិះទ្រង់ បានគិតសំរេចជាមុន
អាន កិច្ចការ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 4:1-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ