កិច្ចការ 20:17-38

កិច្ចការ 20:17-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ប៉ុល​បាន​ចាត់​គេពី​ក្រុង​មី‌លេត ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​ហៅ​ពួក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​នោះ​មក​ជួប​លោក។ ពេល​ពួកគេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នាជ្រាប​ស្រាប់​ហើយ​ពី​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​បាន​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូល​ដល់​ស្រុក​អាស៊ី​ម៉្លេះ ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ទាំង​បន្ទាប​ខ្លួន ទាំង​ស្រក់​ទឹក​ភ្នែក ទាំង​លំបាក​គ្រប់​បែប​យ៉ាង​ដែល​កើត​ឡើង​ដល់​ខ្ញុំ ដោយ​សារ​បំណង​អាក្រក់​របស់​ពួក​សាសន៍​យូដា ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​ណា​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ឡើយ គឺ​បាន​បង្រៀន​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។ ឥឡូវនេះ មើល៍ ព្រះ‌វិញ្ញាណ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡិម ដោយ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​ទុក្ខ​វេទនា​នៅ​រង់​ចាំ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។ ឥឡូវ​នេះ មើល៍ ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​អ្នក​ទាំង​អស់គ្នា​ឡើយ ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។ ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។ ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចេញ​ទៅ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​មិន​ប្រណី​ដល់​ហ្វូង​ចៀម​ឡើយ ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នឹង​មាន​អ្នក​និយាយ​បង្ខូច ដើម្បី​ទាក់​ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។ ដូច្នេះ ចូរ​ចាំ​យាម ដោយ​នឹក​ចាំ​ថា អស់​រយៈ​ពេល​បី​ឆ្នាំ ខ្ញុំ​តែង​ទូន្មាន​អ្នក​រាល់​គ្នា​ទាំង​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ឥឡូវនេះ ខ្ញុំ​សូម​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ និង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​មត៌ក​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ឡើយ។ អ្នក​រាល់​គ្នា​ផ្ទាល់​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ។ ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង​តែ​បង្ហាញ​អ្នក​រាល់​គ្នា​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ​ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​ត្រូវ​នឹក​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ "ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល"»។ កាល​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ លោក​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា‌មួយ​គេ​ទាំង​អស់​គ្នា។ គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក ទាំង​មាន​ចិត្ត​ព្រួយ​នឹង​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​ទៅ​ដល់​សំពៅ។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:17-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​ក្រុម‌ជំនុំ*​នៅ​ក្រុង​អេភេសូ​មក។ លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្ប‌កិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បងប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បងប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បងប្អូន ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ​ឡើយ ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។ ឥឡូវ​នេះ ព្រះ‌វិញ្ញាណ​បាន​ទាក់‌ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង​តាម​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និង​សម្រេច​កិច្ចការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព​អំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បងប្អូន​ទាំង​អស់​គ្នា ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​បងប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បងប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បងប្អូន​អំពី​គម្រោង‌ការ​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ ដូច្នេះ សូម​បងប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បងប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បងប្អូន​ថែ‌រក្សា​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បងប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។ ហេតុ​នេះ សូម​បងប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បងប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែក ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។ ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បងប្អូន​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌គុណ​របស់​ព្រះអង្គ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​កសាង​បងប្អូន​ឡើង​ជា​ក្រុម‌ជំនុំ* ព្រម​ទាំង​ឲ្យ​បងប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ។ ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​បងប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ‌ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ថា: “បើ​ឲ្យ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល”»។ លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:17-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច‌កល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា នឹង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង នឹង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ ប៉ុន្តែ​នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ ឥឡូវ​នេះ មើល ខ្ញុំ​ដឹង​ហើយ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក​ជា​មួយ ដោយ​ភប់‌ប្រសព្វ​គ្នា ទាំង​ប្រកាស​ប្រាប់​ពី​នគរ​នៃ​ព្រះ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់ ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​និមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ្ដិ៍‌អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សំលៀក‌បំពាក់​របស់​អ្នក​ណា​ឡើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ដៃ​ខ្ញុំ​នេះ​បាន​ផ្គត់‌ផ្គង់​គ្រប់​របស់ ដែល​ខ្ញុំ​ត្រូវ​ការ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​នឹង​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដែល​ទ្រង់​មាន​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល លុះ​បាន​និយាយ​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និត‌ថ្នម ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ រួច​ក៏​ជូន​គាត់​ទៅ​ដល់​សំពៅ។

ចែក​រំលែក
អាន កិច្ចការ 20