ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ឥឡូវនេះ មើល ខ្ញុំមានសេចក្ដីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង នឹងសេចក្ដីវេទនា នៅរង់ចាំខ្ញុំ ប៉ុន្តែនោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្ដិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសំលៀកបំពាក់របស់អ្នកណាឡើយ អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនឹងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល លុះបាននិយាយសេចក្ដីទាំងនោះរួចហើយ នោះប៉ុលក៏លុតជង្គង់អធិស្ឋានជាមួយនឹងគេទាំងអស់គ្នា ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់ថើបដោយថ្និតថ្នម ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ។
អាន កិច្ចការ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 20:17-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ