កិច្ចការ 20:1-12

កិច្ចការ 20:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន។ លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។ អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។ បងប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់‌ចាំ​យើង​នៅ​ក្រុង​ត្រូអាស ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ‌ពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ យើង​បាន​ជួប‌ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​កាច់​នំប៉័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។ ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍​យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។ លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បងប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំប៉័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​ចលាចល​នោះ​បាន​ស្ងប់​ទៅ លោក​ប៉ុល​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួចលោក​ក៏​ជម្រាប​លា​ពួក​គេ ចេញ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។ កាល​លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​នោះ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ជា​ច្រើន​មក លោកក៏​បាន​មក​ដល់​ស្រុក​ក្រិក។ លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ តែ​កាល​លោក​រៀប​នឹង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី ពួក​សាសន៍​យូដា​មាន​គំនិត​អាក្រក់​ទាស់​នឹង​លោក ដូច្នេះ លោក​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ា‌សេ‌ដូន។ អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។ អ្នក​ទាំង​នោះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់​ចាំ​យើង​នៅ​ក្រុង​ទ្រអាស ប៉ុន្តែ ចំណែក​យើង​វិញ យើង​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ភីលីព ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ ហើយ​រយៈ​ពេល​ប្រាំ​ថ្ងៃ យើង​បាន​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​ប៉ុល​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​បម្រុង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ស្អែក ហើយ​លោក​អធិប្បាយ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។ នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ជួប​ជុំ​គ្នា មាន​ចង្កៀង​ជា​ច្រើន។ ពេល​នោះ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទី‌កុស អង្គុយ​នៅ​មាត់​បង្អួច ហើយ​ពេល​លោក​ប៉ុល​អធិប្បាយ​យ៉ាង​យូរ គាត់​ក៏​បាន​លង់​លក់ រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​បី។ ពេល​គេ​លើកគាត់​ឡើង គាត់​បាន​ស្លាប់ផុត​ទៅ​ហើយ។ ប៉ុន្ដែ លោក​ប៉ុល​ចុះ​ទៅ​ក្រោម ហើយ​ឱន​ពី​លើ​គាត់ លើក​ត្រកងគាត់​ឡើង រួច​និយាយ​ថា៖ «កុំ​យំ​ស្រែក​អី ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ!»។ កាល​លោក​ប៉ុល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិ‌ភោគ​រួច​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ជាមួយ​ពួកគេ​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​ចេញ​ដំណើរ​ទៅ។ គេ​ក៏​នាំ​យុវជន​នោះ​ទៅ​វិញ​ទាំង​នៅ​មាន​ជីវិត ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 20

កិច្ចការ 20:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ក្រោយ​ដែល​ការ​ចលាចល​នោះ បាន​ស្ងប់​ស្ងាត់​ហើយ នោះ​ប៉ុល​ហៅ​ពួក​សិស្ស​មក រួច​លា​គេ ចេញ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ កាល​គាត់​បាន​ដើរ​កាត់​ដែន​ស្រុក​ទាំង​នោះ ហើយ​អធិប្បាយ​ទូន្មាន​ជា​ច្រើន ដល់​ពួក​សិស្ស នោះ​គាត់​បាន​ដល់​ទៅ​ស្រុក​ក្រេក ក៏​នៅ​ស្រុក​នោះ​អស់​៣​ខែ តែ​កាល​គាត់​រៀប​នឹង​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី នោះ​ពួក​សាសន៍​យូដា គេ​គិត​ល្បិច​ទាស់​នឹង​គាត់ បាន​ជា​គាត់​សំរេច​នឹង​ទៅ​តាម​ស្រុក​ម៉ាសេដូន​វិញ មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក នឹង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស នឹង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស នឹង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន ក៏​ចាំ​យើង​រាល់​គ្នា​នៅ​ត្រង់​ក្រុង​ទ្រអាស ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​យើង​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​ភីលីព​ទៅ​៥​ថ្ងៃ ទើប​បាន​ដល់​ទៅ​គេ​នៅ​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​អស់​៧​ថ្ងៃ លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សំដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 20