កិច្ចការ 20:1-12

កិច្ចការ 20:1-12 គកស១៦

ក្រោយ​ពី​ចលាចល​នោះ​បាន​ស្ងប់​ទៅ លោក​ប៉ុល​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួចលោក​ក៏​ជម្រាប​លា​ពួក​គេ ចេញ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។ កាល​លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​នោះ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ជា​ច្រើន​មក លោកក៏​បាន​មក​ដល់​ស្រុក​ក្រិក។ លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ តែ​កាល​លោក​រៀប​នឹង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី ពួក​សាសន៍​យូដា​មាន​គំនិត​អាក្រក់​ទាស់​នឹង​លោក ដូច្នេះ លោក​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ា‌សេ‌ដូន។ អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។ អ្នក​ទាំង​នោះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់​ចាំ​យើង​នៅ​ក្រុង​ទ្រអាស ប៉ុន្តែ ចំណែក​យើង​វិញ យើង​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ភីលីព ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ ហើយ​រយៈ​ពេល​ប្រាំ​ថ្ងៃ យើង​បាន​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​ប៉ុល​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​បម្រុង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ស្អែក ហើយ​លោក​អធិប្បាយ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។ នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ជួប​ជុំ​គ្នា មាន​ចង្កៀង​ជា​ច្រើន។ ពេល​នោះ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទី‌កុស អង្គុយ​នៅ​មាត់​បង្អួច ហើយ​ពេល​លោក​ប៉ុល​អធិប្បាយ​យ៉ាង​យូរ គាត់​ក៏​បាន​លង់​លក់ រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​បី។ ពេល​គេ​លើកគាត់​ឡើង គាត់​បាន​ស្លាប់ផុត​ទៅ​ហើយ។ ប៉ុន្ដែ លោក​ប៉ុល​ចុះ​ទៅ​ក្រោម ហើយ​ឱន​ពី​លើ​គាត់ លើក​ត្រកងគាត់​ឡើង រួច​និយាយ​ថា៖ «កុំ​យំ​ស្រែក​អី ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ!»។ កាល​លោក​ប៉ុល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិ‌ភោគ​រួច​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ជាមួយ​ពួកគេ​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​ចេញ​ដំណើរ​ទៅ។ គេ​ក៏​នាំ​យុវជន​នោះ​ទៅ​វិញ​ទាំង​នៅ​មាន​ជីវិត ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

អាន កិច្ចការ 20