កិច្ចការ 2:32-38
កិច្ចការ 2:32-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។ ដូច្នេះ ដែលព្រះបានតម្កើងព្រះយេស៊ូវឡើង ឲ្យគង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយបានទទួលសេចក្តីសន្យា ជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះព្រះអង្គបានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាបានឃើញ និងឮស្រាប់។ ដ្បិតព្រះបាទដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ តែលោកបានថ្លែងថា "ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់កល់ជើងអ្នក" ។ ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។ កាលគេបានឮ នោះគេមានការចាក់ចុចក្នុងចិត្ត ហើយសួរលោកពេត្រុស និងពួកសាវកឯទៀតថា៖ «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
កិច្ចការ 2:32-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។ ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ត*ហើយ»។ កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។ លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក* ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់
កិច្ចការ 2:32-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់ ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែលោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង» ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។ កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ