កិច្ចការ 2:22-47
កិច្ចការ 2:22-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកឡើយ។ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។ «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយស្ដេចថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ស្ដេចមួយអង្គឡើងស្នងរាជ្យ។ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ គឺស្ដេចមានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។ ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ត*ហើយ»។ កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។ លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក* ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសិស្ស*។ សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ* ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
កិច្ចការ 2:22-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។ តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។ ដ្បិតព្រះបាទដាវីឌមានរាជឱង្ការអំពីព្រះអង្គថា៖ "ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ។ ហេតុនោះបានជាចិត្តទូលបង្គំរីករាយ ហើយអណ្តាតទូលបង្គំក៏ថ្លែងដោយអំណរ មួយទៀត រូបកាយទូលបង្គំ ក៏នឹងរស់នៅដោយសង្ឃឹមដែរ។ ដ្បិតព្រះអង្គនឹងមិនទុកឲ្យព្រលឹងទូលបង្គំ ជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញភាពពុករលួយដែរ។ ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ព្រះអង្គនឹងធ្វើឲ្យទូលបង្គំមានអំណរយ៉ាងពោពេញ ដោយព្រះវត្តមានព្រះអង្គ" ។ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។ ដោយព្រោះព្រះបាទដាវីឌបានឃើញជាមុន បានជាលោកសម្តែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រះមិនទុកព្រះអង្គចោលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ហើយសពព្រះអង្គក៏មិនត្រូវពុករលួយដែរ។ ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។ ដូច្នេះ ដែលព្រះបានតម្កើងព្រះយេស៊ូវឡើង ឲ្យគង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយបានទទួលសេចក្តីសន្យា ជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះព្រះអង្គបានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាបានឃើញ និងឮស្រាប់។ ដ្បិតព្រះបាទដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ តែលោកបានថ្លែងថា "ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់កល់ជើងអ្នក" ។ ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។ កាលគេបានឮ នោះគេមានការចាក់ចុចក្នុងចិត្ត ហើយសួរលោកពេត្រុស និងពួកសាវកឯទៀតថា៖ «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ លោកបានធ្វើបន្ទាល់ដោយពាក្យជាច្រើន ហើយបានបន្ដដាស់តឿនពួកគេទៀតថា៖ «សូមអ្នករាល់គ្នាសង្គ្រោះខ្លួនចេញពីតំណមនុស្សវៀចនេះទៅ»។ ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។ ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។ គ្រប់គ្នាមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនកើតឡើងដោយសារពួកសាវក។ អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេព្យាយាមនៅក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀង ហើយធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់ ទាំងសរសើរតម្កើងព្រះ ហើយប្រជាជនទាំងអស់ក៏គោរពរាប់អានគេ។ ព្រះអម្ចាស់បានបន្ថែមចំនួនអ្នកដែលកំពុងតែបានសង្គ្រោះ មកក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃ។
កិច្ចការ 2:22-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នា ដោយការឫទ្ធិបារមី ការអស្ចារ្យ នឹងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញជាសេចក្ដីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់» ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់ ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែលោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង» ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។ កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។ អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង នឹងសេចក្ដីអធិស្ឋានផង គ្រប់គ្នាកើតមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ នឹងទីសំគាល់ជាច្រើនកើតមក ដោយសារពួកសាវកដែរ ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា គេក៏លក់ទ្រព្យសម្បត្តិ នឹងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត។