កិច្ចការ 2:14-18

កិច្ចការ 2:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​ប្រាំ‌បួន​ព្រឹក​ប៉ុណ្ណោះ។ នេះ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល ដែល​ថ្លែង​ទុក​មក​ថា "ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។ នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី ហើយ​គេ​នឹង​ថ្លែង​ទំនាយ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បងប្អូន​យូដា និង​បងប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បងប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បងប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​សេចក្ដី ដែល​ព្យាការី*​យ៉ូ‌អែល​បាន​ថ្លែង​ទុក​មក​ថា៖ “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។ នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពេត្រុស​ក៏​ឈរ​ឡើង ជា​មួយ​នឹង​ពួក​១១​នាក់ ក៏​បន្លឺ​សំឡេង​និយាយ​ទៅ​គេ​ថា ឱ​ពួក​សាសន៍​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ នេះ​គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា «ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ​របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ

ចែក​រំលែក
អាន កិច្ចការ 2