កិច្ចការ 2:1-47

កិច្ចការ 2:1-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​បុណ្យ​ថ្ងៃ​ទី​ហាសិប បាន​មក​ដល់ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​គ្នានៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថាន‌សួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។ មាន​ដូច​ជា​អណ្តាត​ភ្លើង​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា។ គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។ នៅ​ពេល​នោះ មាន​សាសន៍​យូដា​ដែល​គោរព​កោត​ខ្លាច​ព្រះ មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់‌ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។ គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា ដោយ​ឆ្ងល់​ថា៖ «តើ​អ្នក​ទាំង​អស់​គ្នា​ដែល​និយាយ​នេះ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​ឬ? ចុះ​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ? គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី ស្រុក​ព្រីគា និង​ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ​វិញ​ស្រុក​គីរេន ពួក​អ្នក​ស្រុក​រ៉ូម​ដែល​ស្នាក់​នៅ​ទី​នេះ ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍ សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​វិល‌វល់​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្តេច?» ប៉ុន្តែ មាន​អ្នក​ខ្លះ​ចំអក​ថា៖ «ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ»។ ពេល​នោះ លោក​ពេត្រុស​ក៏​ឈរ​ឡើង​ជា‌មួយ​ពួក​អ្នក​ទាំង​ដប់‌មួយ ហើយ​បន្លឺ​សំឡេង​ទៅ​គេ​ថា៖ «ឱ​ពួក​សាសន៍​យូដា និង​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ សូម​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ។ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​ប្រាំ‌បួន​ព្រឹក​ប៉ុណ្ណោះ។ នេះ​ជា​សេចក្តី​ទំនាយ​របស់​ហោរា​យ៉ូអែល ដែល​ថ្លែង​ទុក​មក​ថា "ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។ នៅ​គ្រា​នោះ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​បាវ​បម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី ហើយ​គេ​នឹង​ថ្លែង​ទំនាយ។ យើង​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ទី​សម្គាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង និង​កំសួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ច័ន្ទ​នឹង​ទៅ​ជា​ឈាម មុន​ថ្ងៃ​ដ៏​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់។ ពេល​នោះ អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ" ។ ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។ តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​ព្រះ‌អង្គ​ថា៖ "ទូល​បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជានិច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល​បង្គំ ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ។ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ មួយ​ទៀត រូប​កាយ​ទូល​បង្គំ ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។ ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​ភាព​ពុក​រលួយ​ដែរ។ ព្រះ‌អង្គ​បាន​ឲ្យ​ទូល​បង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​អំណរ​យ៉ាង​ពោ​ពេញ ដោយ​ព្រះវត្ត​មាន​ព្រះ‌អង្គ" ។ ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​ជា​ហោរា ហើយ​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​ជាមួយ​លោក​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ម្នាក់​ពី​ពូជ​របស់​លោក ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក។ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។ ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​យើង​ទាំង‌អស់​គ្នា​ជា​បន្ទាល់​ស្រាប់។ ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ តែ​លោក​បាន​ថ្លែង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក" ។ ដូច្នេះ ចូរ​ឲ្យ​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ទ»។ កាល​គេ​បាន​ឮ នោះ​គេ​មាន​ការ​ចាក់​ចុច​ក្នុង​ចិត្ត ហើយ​សួរ​លោក​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា៖ «បង‌ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ពេត្រុស​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទៅ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​អ្នក​នឹង​ទទួល​បាន​អំណោយ‌ទាន​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដ្បិត​សេចក្តី​សន្យា​នោះ គឺ​សម្រាប់​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​ជា​ច្រើន ហើយ​បាន​បន្ដ​ដាស់​តឿន​ពួកគេ​ទៀត​ថា៖ «សូម​អ្នក​រាល់​គ្នា​សង្គ្រោះ​ខ្លួន​ចេញ​ពី​តំណ​មនុស្ស​វៀច​នេះ​ទៅ»។ ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។ ពួក​គេ​ព្យាយាម​នៅ​ជាប់​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវក ក្នុង​ការ​ប្រកប​គ្នា ធ្វើ​ពិធី​កាច់​នំបុ័ង និង​ការ​អធិស្ឋាន។ គ្រប់​គ្នា​មាន​ចិត្ត​កោត​ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​ឡើង​ដោយ‌សារ​ពួក​សាវក។ អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:1-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។ ពួក​សិស្ស​បាន​ឃើញ​ហាក់​ដូច​ជា​មាន​អណ្ដាត​ភ្លើង បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។ ពេល​នោះ មាន​ជន‌ជាតិ​យូដា ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព​លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? គឺ​ទាំង​អ្នក​ស្រុក​ផារថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ស្រុក​ព្រីគា ស្រុក​ប៉ាមភី‌លា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម ទាំង​ជន‌ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន‌ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?»។ ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។ លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បងប្អូន​យូដា និង​បងប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បងប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បងប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​សេចក្ដី ដែល​ព្យាការី*​យ៉ូ‌អែល​បាន​ថ្លែង​ទុក​មក​ថា៖ “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។ នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​នៅ​លើ​មេឃ សម្តែង​ទី​សម្គាល់​ផ្សេងៗ​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កម្សួល​ផ្សែង។ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គ‌ឧត្ដម ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” »។ បងប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បងប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បងប្អូន តាម​រយៈ​លោក​ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។ បងប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ទ្រង់​ញាណ​ជា​មុន។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះអង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​ឡើយ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ» ។ «បងប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បងប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប ទ្រង់​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ស្ដេច​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​មួយ​អង្គ​ឡើង​ស្នង​រាជ្យ។ ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ត​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី របស់​ព្រះអង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះ‌បិតា​តាម​ព្រះ‌បន្ទូល​សន្យា ហើយ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បងប្អូន​បាន​ឃើញ បាន​ឮ​ស្រាប់។ ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះអង្គ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បងប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ត*​ហើយ»។ កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បងប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បងប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត*​ទៅ ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​បងប្អូន​ឲ្យ​រួច​ពី​បាប* ហើយ​បងប្អូន​នឹង​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​នេះ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បងប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បងប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។ អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់​ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស*។ សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវ័ក* រួម​រស់​ជា​មួយ​គ្នា​ជា​បងប្អូន ធ្វើ​ពិធី​កាច់​នំប៉័ង* និង​ព្យាយាម​អធិស្ឋាន។ មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។ អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះ‌អម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះ‌វិហារ* ធ្វើ​ពិធី​កាច់​នំប៉័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​ប្រជា‌ជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះ‌អម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:1-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១ ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា រួច​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។ រីឯ​នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវក​កំពុង​តែ​អធិប្បាយ គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​ថា អ្នក​ទាំង​នេះ​ដែល​អធិប្បាយ តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​អស់​គ្នា​ទេ​ឬ​អី ចុះ​ដូច​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ នឹង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ព្រម​ទាំង​ស្រុក​ព្រីគា ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ នឹង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ‌វិញ​ស្រុក​គីរេន ហើយ​ពួក​អ្នក​ស្រុក​រ៉ូម ដែល​ស្នាក់​នៅ​ទី​នេះ ទោះ​ទាំង​សាសន៍​យូដា នឹង​អ្នក​ចូល​សាសន៍​ផង ហើយ​សាសន៍​ក្រេត នឹង​សាសន៍​អារ៉ាប់​ដែរ យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ព្រម​ទាំង​វល់​ក្នុង​ចិត្ត ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​ការ​នេះ​ដូច​ម្តេច​ហ្ន៎ តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។ នោះ​ពេត្រុស​ក៏​ឈរ​ឡើង ជា​មួយ​នឹង​ពួក​១១​នាក់ ក៏​បន្លឺ​សំឡេង​និយាយ​ទៅ​គេ​ថា ឱ​ពួក​សាសន៍​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ នេះ​គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា «ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ​របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ នឹង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់ នោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ» ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ នឹង​ទី​សំគាល់ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ព្រះ‌អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច នឹង​បព្វ‌ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ‌សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ‌ឃាំង​ទ្រង់​ទុក​បាន​ឡើយ ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ពី​ទ្រង់​ថា «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូលបង្គំ ដើម្បី​មិន​ឲ្យ​ទូលបង្គំ​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្តាត​ទូលបង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក‌អរ ១​ទៀត រូប​សាច់​ទូលបង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូលបង្គំ​បាន​ពេញ​ជា​សេចក្ដី​អំណរ ដោយ​ភាព​នៃ​ព្រះ‌ភក្ត្រ​ទ្រង់» ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះ‌គ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរ‌បិតា នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់ ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​នឹង​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ដរាប​ដល់​អញ​យក​ពួក​ខ្មាំង​សត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ‌ទ្រង់​បាន​លើក​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌គ្រីស្ទ​ផង។ កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ រួច​ពី​ពូជ​ដំណ​វៀច​នេះ នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។ អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវក ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង នឹង​សេចក្ដី​អធិស្ឋាន​ផង គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ នឹង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​ពួក​សាវក​ដែរ ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា គេ​ក៏​លក់​ទ្រព្យ​សម្បត្តិ នឹង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវ​ការ រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ ដោយ​អំណរ នឹង​ចិត្ត​ស្មោះ‌ត្រង់ ព្រម​ទាំង​សរសើរ​ដល់​ព្រះ ហើយ​បណ្តាជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ ចំណែក​ព្រះ‌អម្ចាស់ ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ​ទៅ ក្នុង​ពួក​ជំនុំ​ថែម​ទៀត។

ចែក​រំលែក
អាន កិច្ចការ 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ