កិច្ចការ 2:1-13

កិច្ចការ 2:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។ ពួក​សិស្ស​បាន​ឃើញ​ហាក់​ដូច​ជា​មាន​អណ្ដាត​ភ្លើង បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។ ពេល​នោះ មាន​ជន‌ជាតិ​យូដា ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព​លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? គឺ​ទាំង​អ្នក​ស្រុក​ផារថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ស្រុក​ព្រីគា ស្រុក​ប៉ាមភី‌លា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម ទាំង​ជន‌ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន‌ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?»។ ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​បុណ្យ​ថ្ងៃ​ទី​ហាសិប បាន​មក​ដល់ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​គ្នានៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថាន‌សួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។ មាន​ដូច​ជា​អណ្តាត​ភ្លើង​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា។ គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។ នៅ​ពេល​នោះ មាន​សាសន៍​យូដា​ដែល​គោរព​កោត​ខ្លាច​ព្រះ មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់‌ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។ គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា ដោយ​ឆ្ងល់​ថា៖ «តើ​អ្នក​ទាំង​អស់​គ្នា​ដែល​និយាយ​នេះ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​ឬ? ចុះ​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ? គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី ស្រុក​ព្រីគា និង​ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ​វិញ​ស្រុក​គីរេន ពួក​អ្នក​ស្រុក​រ៉ូម​ដែល​ស្នាក់​នៅ​ទី​នេះ ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍ សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​វិល‌វល់​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះ​មាន​ន័យ​ដូច​ម្តេច?» ប៉ុន្តែ មាន​អ្នក​ខ្លះ​ចំអក​ថា៖ «ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ»។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១ ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា រួច​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។ រីឯ​នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវក​កំពុង​តែ​អធិប្បាយ គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​ថា អ្នក​ទាំង​នេះ​ដែល​អធិប្បាយ តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​អស់​គ្នា​ទេ​ឬ​អី ចុះ​ដូច​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ នឹង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ព្រម​ទាំង​ស្រុក​ព្រីគា ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ នឹង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ‌វិញ​ស្រុក​គីរេន ហើយ​ពួក​អ្នក​ស្រុក​រ៉ូម ដែល​ស្នាក់​នៅ​ទី​នេះ ទោះ​ទាំង​សាសន៍​យូដា នឹង​អ្នក​ចូល​សាសន៍​ផង ហើយ​សាសន៍​ក្រេត នឹង​សាសន៍​អារ៉ាប់​ដែរ យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ព្រម​ទាំង​វល់​ក្នុង​ចិត្ត ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​ការ​នេះ​ដូច​ម្តេច​ហ្ន៎ តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។

ចែក​រំលែក
អាន កិច្ចការ 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ