កិច្ចការ 17:16-25

កិច្ចការ 17:16-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​ប៉ុលកំពុងរង់​ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន វិញ្ញាណ​របស់​លោក​ពុះ​កញ្ជ្រោល​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ។ ដូច្នេះ លោក​ក៏​ជជែកវែក​ញែក​នៅ​ក្នុង​សាលា​ប្រជុំជាមួយ​សាសន៍​យូដា និង​ពួក​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ ហើយ​រាល់​ថ្ងៃនៅ​ទី​ផ្សារ​ជា‌មួយ​អស់​អ្នក​ដែល​ជួប​ជាមួយ​លោក។ មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។ គេ​ក៏​នាំ​លោក​ទៅ​ភ្នំ​អើរី‌យ៉ូស សួរ​ថា៖ «តើ​យើង​អាច​ដឹង​ពី​សេចក្ដី​បង្រៀន​ថ្មី ដែល​លោក​ប្រកាស​នេះ​បាន​ឬ​ទេ? ដ្បិត​យើង​បាន​ឮលោក​ប្រកាស​យ៉ាង​ចម្លែក ដូច្នេះ យើង​ចង់​ដឹង​សេចក្តី​ទាំង​នេះ​មាន​ន័យ​ដូចម្ដេច»។ ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅក្រុង​នោះ​ទាំង​ប៉ុន្មាន មិន​ចំណាយ​ពេល​ធ្វើ​អ្វី​ក្រៅ​តែ​ពី​និយាយ ឬ​ស្តាប់​រឿង​ថ្មី​ប៉ុណ្ណោះ​ឡើយ។ ដូច្នេះ លោក​ប៉ុល​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស មាន​ប្រសាសន៍​ថា៖ «អស់​លោក​អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​យល់​ឃើញ​ថា គ្រប់​ផ្លូវទាំង​អស់ អស់​លោកខ្នះ​ខ្នែង​កាន់​សាសនា​ខ្លាំង​ណាស់។ ដ្បិត ពេល​ខ្ញុំ​ដើរ​កាត់ ខ្ញុំ​សង្កេត​ឃើញ​គ្រឿង​សក្ការៈ​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ ដែល​មាន​ចារឹកអក្សរ​ថា "ព្រះដែល​មិន​ស្គាល់"។ ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​ពី​ព្រះ ដែល​អស់​លោក​គោរព​បូជា ដោយ​មិន​ស្គាល់​ហ្នឹង​ហើយ។ ព្រះ​ដែល​បង្កើត​ពិភព‌លោក និង​អ្វីៗ​សព្វ​សារពើ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:16-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​ប៉ូល​រង់‌ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាស‌ពេញ​ក្នុង​ក្រុង​នេះ។ លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។ មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ ។ គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​លទ្ធិ​ថ្មី ដែល​លោក​បង្រៀន​នោះ​បាន​ឬ​ទេ? ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចម្លែកៗ យើង​ចង់​ដឹង​អត្ថ‌ន័យ​ណាស់»។ អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។ លោក​ប៉ូល​ក្រោក​ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ នៅ​ទួល​អើរី‌យ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់ ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ព្រះ‌អម្ចាស់​នៃ​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:16-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា នឹង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ចួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ តែ​មាន​ពួក​អេពីគួរ នឹង​ពួក​ស្ទអ៊ីក​ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរី‌យ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្ដី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្ដី​ទាំង​នេះ​ដែរ រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន នឹង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ។ ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់ ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ នឹង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក

ចែក​រំលែក
អាន កិច្ចការ 17