កិច្ចការ 17:1-14

កិច្ចការ 17:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ឆ្លង​ផុត​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុ‌ឡូនា​ហើយ ពួក​លោក​បាន​មក​ដល់​ក្រុង​ថែស្សា‌ឡូនីច ដែលនៅ​ទីនោះ មាន​សាលា​ប្រជុំ​មួយ​របស់​សាសន៍​យូដា។ លោក​ប៉ុល​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ តាម​ទម្លាប់​របស់​លោក ហើយ​ជជែក​វែក​ញែក​អំពី​បទ​គម្ពីរ​ជាមួយ​ពួកគេ អស់​រយៈ​ពេល​បី​ថ្ងៃ​សប្ប័ទ ទាំង​ពន្យល់​បញ្ជាក់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌យេស៊ូវ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ»។ អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។ ប៉ុន្ដែ ពួក​សាសន៍​យូដា​មាន​ចិត្ត​ច្រណែន ហើយ​នាំ​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​គ្នា​មួយ​ក្រុម ឲ្យ​បង្កើត​ចលាចលក្នុង​ទី​ក្រុង គេ​សម្រុក​ចូល​ផ្ទះលោក​យ៉ាសុន រក​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស យក​មក​ឲ្យ​ប្រជាជន​កាត់​ទោស។ ពេល​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសុន និង​ពួក​បង‌ប្អូន​ខ្លះ កន្ត្រាក់​នាំ​ទៅ​យក​ជូន​អាជ្ញា​ធរ​ក្រុង ដោយ​ស្រែក​ថា៖ «ពួក​អ្នក​ដែល​នាំ​ឲ្យ​ពិភព​លោក​ក្រឡាប់​ចាក់ បាន​មក​ដល់​ទី​នេះ​ហើយ យ៉ាសុន​បាន​ទទួល​គេ​ឲ្យ​ស្នាក់​នៅ ហើយ​ប្រព្រឹត្ត​សុទ្ធ​តែ​ប្រឆាំង​នឹង​រាជក្រឹត្យ​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​មួយ​ទៀត ឈ្មោះ​យេស៊ូវ»។ មនុស្ស​ទាំង​អស់ និង​ពួក​អាជ្ញាធរ​ក្រុង​មាន​ការ​ព្រួយ​បារម្ភ ពេល​ឮ​ដូច្នេះ។ កាល​គេ​បាន​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន និង​អ្នក​ឯ​ទៀត​រួច​ហើយ គេ​ក៏ដោះ​លែង​ឲ្យ​ទៅវិញ។ ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច ដ្បិត​គេ​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​សង្វាត ទាំង​ពិចារណា​មើល​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ទាំង​នេះត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។ ដូច្នេះ ក្នុង​ចំណោម​ពួក​គេ មានមនុស្ស​ជា​ច្រើន​បាន​ជឿ មាន​ទាំង​ស្ត្រី​ទាំង​បុរស​អ្ន​ក​មុខ​អ្នក​ការ​សាសន៍​ក្រិក​ជា​ច្រើនបាន​ជឿ​ដែរ។ ប៉ុន្ដែ ពេល​ពួក​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច​បាន​ដឹង​ថា លោក​ប៉ុល​បាន​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​នាំគ្នា​មក​ញុះ‌ញង់​នៅ​ទី​នោះ​ទៀត។ ពេល​នោះ ពួក​បង‌ប្អូន​ក៏​នាំ​លោក​ប៉ុល​ចេញ​ទៅ​ឯ​មាត់​សមុទ្រ​ភ្លាម តែ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ស្នាក់​នៅ​ទី​នោះ​ដដែល។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល និង​លោក​ស៊ីឡាស ធ្វើ​ដំណើរ​កាត់​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អប៉ុ‌ឡូនា ហើយ​ទៅ​ដល់​ក្រុង​ថេស្សា‌ឡូនិក។ នៅ​ក្រុង​នោះ មាន​សាលា​ប្រជុំ*​មួយ​របស់​សាសន៍​យូដា។ លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែក‌ញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទ* ក្នុង​អំឡុង​បី​សប្ដាហ៍។ លោក​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ព្រះ‌គ្រិស្ត​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌គ្រិស្ត គឺ​ព្រះ‌យេស៊ូ​ដែល​ខ្ញុំ​បាន​ជម្រាប​បងប្អូន​នេះ​ហើយ»។ ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។ រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ‌បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បងប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ឲ្យ​ជ្រួល‌ច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។ យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌រាជ‌ក្រឹត្យ​របស់​ព្រះចៅ​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។ គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​ឲ្យ​ទៅ​វិញ។ ពួក​បងប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។ ក្នុង​ចំណោម​ពួក​គេ មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។ ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ‌បំបោរ​មហា‌ជន​ឲ្យ​ជ្រួល‌ច្របល់​ឡើង។ ឃើញ​ដូច្នោះ ពួក​បងប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភី‌ប៉ូលី នឹង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សា‌ឡូនីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក ក៏​បើក​សំដែង​យ៉ាង​ច្បាស់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នោះ​ហើយ ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល នឹង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង‌តែ​ថ្វាយ‌បង្គំ​ព្រះ នឹង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល នឹង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តាជន លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន នឹង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹក‌នាំ​ទៅ​ដាក់​នៅ​មុខ​ចៅហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តាជន នឹង​ចៅហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន នឹង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។ ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល នឹង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សា‌ឡូនីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ‌បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ ដូច្នេះ មាន​ពួក​គេ នឹង​ពួក​ស្រី​សាសន៍​ក្រេក ជា​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ជឿ ក៏​មាន​ប្រុសៗ​ក្រែល​ដែរ តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សា‌ឡូនីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះ‌ញង់​បណ្តាជន​នៅ​ទី​នោះ​ទៀត ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស នឹង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ

ចែក​រំលែក
អាន កិច្ចការ 17

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ