កិច្ចការ 17:1-14

កិច្ចការ 17:1-14 គកស១៦

កាល​លោក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ឆ្លង​ផុត​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុ‌ឡូនា​ហើយ ពួក​លោក​បាន​មក​ដល់​ក្រុង​ថែស្សា‌ឡូនីច ដែលនៅ​ទីនោះ មាន​សាលា​ប្រជុំ​មួយ​របស់​សាសន៍​យូដា។ លោក​ប៉ុល​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ តាម​ទម្លាប់​របស់​លោក ហើយ​ជជែក​វែក​ញែក​អំពី​បទ​គម្ពីរ​ជាមួយ​ពួកគេ អស់​រយៈ​ពេល​បី​ថ្ងៃ​សប្ប័ទ ទាំង​ពន្យល់​បញ្ជាក់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌យេស៊ូវ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ»។ អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។ ប៉ុន្ដែ ពួក​សាសន៍​យូដា​មាន​ចិត្ត​ច្រណែន ហើយ​នាំ​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​គ្នា​មួយ​ក្រុម ឲ្យ​បង្កើត​ចលាចលក្នុង​ទី​ក្រុង គេ​សម្រុក​ចូល​ផ្ទះលោក​យ៉ាសុន រក​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស យក​មក​ឲ្យ​ប្រជាជន​កាត់​ទោស។ ពេល​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសុន និង​ពួក​បង‌ប្អូន​ខ្លះ កន្ត្រាក់​នាំ​ទៅ​យក​ជូន​អាជ្ញា​ធរ​ក្រុង ដោយ​ស្រែក​ថា៖ «ពួក​អ្នក​ដែល​នាំ​ឲ្យ​ពិភព​លោក​ក្រឡាប់​ចាក់ បាន​មក​ដល់​ទី​នេះ​ហើយ យ៉ាសុន​បាន​ទទួល​គេ​ឲ្យ​ស្នាក់​នៅ ហើយ​ប្រព្រឹត្ត​សុទ្ធ​តែ​ប្រឆាំង​នឹង​រាជក្រឹត្យ​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​មួយ​ទៀត ឈ្មោះ​យេស៊ូវ»។ មនុស្ស​ទាំង​អស់ និង​ពួក​អាជ្ញាធរ​ក្រុង​មាន​ការ​ព្រួយ​បារម្ភ ពេល​ឮ​ដូច្នេះ។ កាល​គេ​បាន​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន និង​អ្នក​ឯ​ទៀត​រួច​ហើយ គេ​ក៏ដោះ​លែង​ឲ្យ​ទៅវិញ។ ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច ដ្បិត​គេ​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​សង្វាត ទាំង​ពិចារណា​មើល​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ទាំង​នេះត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។ ដូច្នេះ ក្នុង​ចំណោម​ពួក​គេ មានមនុស្ស​ជា​ច្រើន​បាន​ជឿ មាន​ទាំង​ស្ត្រី​ទាំង​បុរស​អ្ន​ក​មុខ​អ្នក​ការ​សាសន៍​ក្រិក​ជា​ច្រើនបាន​ជឿ​ដែរ។ ប៉ុន្ដែ ពេល​ពួក​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច​បាន​ដឹង​ថា លោក​ប៉ុល​បាន​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​នាំគ្នា​មក​ញុះ‌ញង់​នៅ​ទី​នោះ​ទៀត។ ពេល​នោះ ពួក​បង‌ប្អូន​ក៏​នាំ​លោក​ប៉ុល​ចេញ​ទៅ​ឯ​មាត់​សមុទ្រ​ភ្លាម តែ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ស្នាក់​នៅ​ទី​នោះ​ដដែល។

អាន កិច្ចការ 17