កិច្ចការ 10:1-33

កិច្ចការ 10:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​សេ‌សារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេទ័ព​កង​វរសេនាតូច ដែល​ហៅ​ថា កង​ទ័ព​អ៊ីតា‌លី លោកជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​មូល។ លោក​បាន​ធ្វើ​ទាន​ដោយ​សទ្ធា​ដល់​ប្រ‌ជាជន ហើយអធិស្ឋាន​ដល់​ព្រះ​ជា‌និច្ច។ ថ្ងៃមួយ ពេល​រសៀល​ប្រហែល​ជា​ម៉ោង​បី លោក​បាន​ឃើញ​និមិត្ត​មួយ​យ៉ាង​ច្បាស់ គឺ​បាន​ឃើញ​ទេវតា​របស់​ព្រះ​ចូល​មក ហើយ​ពោល​មក​កាន់​លោក​ថា៖ «កូនេ‌លាស​អើយ!» លោក​ក៏​សម្លឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី?» ទេវតា​ប្រាប់​ថា៖ «ការ​អធិស្ឋាន និង​ការ​ធ្វើ​ទាន​របស់​លោក បាន​ឡើង​ទុក​ជា​ការ​រំឭក​នៅ​ចំពោះ​ព្រះ​ហើយ។ ដូច្នេះ ចូរ​អ្នក​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ហើយ​នាំមនុស្ស​ម្នាក់ឈ្មោះ​ស៊ីម៉ូន ដែលហៅ​ថា​ពេត្រុស​មក គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សម្លាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ក្បែរ​មាត់​សមុទ្រ»។ កាល​ទេវតា​ដែល​និយាយ​មក​កាន់​លោកបាន​ចេញ​ទៅ​ផុត លោក​ក៏​ហៅ​បាវ​បម្រើ​របស់​លោក​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​គោរព​កោត​ខ្លាច​ព្រះ ពី​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ក្រោមបញ្ជា​លោកឲ្យ​ចូល​មក ហើយ​ក្រោយ​ពី​បាន​រៀប​រាប់​ហេតុ‌ការណ៍ប្រាប់ពួក​គេ​រួច​ហើយ លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ។ នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។ លោកក៏​ឃ្លាន ហើយ​ចង់​បាន​អ្វីមួយមក​បរិ‌ភោគ តែ​កាលគេ​កំពុង​រៀប​ចំ​ជូន លោក​ក៏​លង់​ស្មារតី។ លោក​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​អ្វី​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​ក្នុង​កម្រាល​នោះ មាន​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ មានព្រះសូរ​សៀង​មួយ​បន្លឺ​មកកាន់​លោក​ថា៖ «ពេត្រុស​អើយ ក្រោក​ឡើង សម្លាប់ ហើយ​បរិ‌ភោគ​ទៅ!»។ ប៉ុន្ដែ លោក​ពេត្រុសទូល​ថា៖ «ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​នោះ​ឡើយ»។ ព្រះ​សូរ​សៀង​នោះ​បន្លឺ​មក​កាន់​លោក​ម្តង​ទៀត​ថា៖ «អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!»។ ហេតុ‌ការណ៍នេះបាន​កើត​ឡើង​បី​ដង រួច​វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញភ្លាម​បាត់​ទៅ។ កាល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​ក្នុងចិត្ត ពី​និមិត្ត​ដែល​លោក​បាន​ឃើញនោះមានន័យ​ដូច​ម្ដេច ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក ឈរ​នៅ​មាត់​ទ្វារ ហើយ​បាន​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន។ គេ​ស្រែក​សួរ ក្រែង​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស កំពុង​នៅ​ស្នាក់​នៅ​ផ្ទះ​នោះ។ កាល​លោក​ពេត្រុស​កំពុង​រិះ​គិត​អំពី​និមិត្ត​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «មាន​បុរស​បី​នាក់​កំពុង​ស្វែង​រក​អ្នក។ ចូរ​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយ​គេ​ចុះ កុំ​រា​រែក​ឡើយ ដ្បិត​យើងបាន​ចាត់​ឲ្យ​គេ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ជួបបុរស​ទាំង​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​មក​មាន​ការ​អ្វី?» គេ​ឆ្លើយ​ថា៖ «លោក​មេទ័ព​កូនេ‌លាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ ហើយ​សាសន៍​យូដា​កោត​សរសើរ​លោក​គ្រប់​ៗ​គ្នា បាន​ទទួល​បង្គាប់​ពី​ទេវតា​បរិសុទ្ធមួយ ឲ្យ​ចាត់​គេ​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ផ្ទះ​លោក ដើម្បី​ស្តាប់​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍»។ ដូច្នេះ លោក​ពេត្រុស​ក៏​អញ្ជើញ​អ្នក​ទាំងនោះ​ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះសិន។ ស្អែក​ឡើង លោកក៏ចេញ​ដំណើរ​ទៅ​ជា‌មួយ​គេ ហើយ​មាន​ពួក​បង‌ប្អូន​ខ្លះមក​ពី​ក្រុង​យ៉ុប‌ប៉េ ក៏​រួម​ដំណើរ​ជា‌មួយលោក​ដែរ។ នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​ចូល​មក​ដល់​ក្រុង​សេ‌សារា ឯលោក​កូនេ‌លាស​កំពុង​ទន្ទឹង​មើល​ផ្លូវ​ពួក​គេ ហើយ​បាន​ហៅ​ញាតិ​សន្តាន និង​មិត្ត​ជិត​ស្និទ្ធ‌របស់​លោក​មក​ជួប​ជុំ​គ្នា​ជា​ស្រេច។ ពេល​លោក​ពេត្រុស​ចូល​ទៅ លោកកូនេ‌លាស​ក៏​ចេញមក​ទទួល ហើយ​ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​លោក។ ប៉ុន្ដែ លោក​ពេត្រុស​លើក​លោក​ឡើង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»។ លោក​ក៏​ដើរ​ចូល​ទៅ​ទាំង​ជជែក​គ្នា​បណ្តើរ ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ជួប​ជុំ​គ្នា​ជា​ស្រេច។ លោកមានប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​ជាមួយ​សាសន៍​ដទៃ ឬ​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ។ ហេតុ​នេះ​ហើយ បាន​ជា​ពេល​លោកចាត់​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ភ្លាម ឥត​ជំទាស់​អ្វី​ឡើយ។ ដូច្នេះ ខ្ញុំ​សុំ​សួរ​ថា តើ​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?» លោក​កូនេ‌លាស​ឆ្លើយ​ថា៖ «បួន​ថ្ងៃ​មុន ពេល​ថ្មើនេះ កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ នៅ​វេលា​ម៉ោង​បី​រសៀល ឃើញ​មាន​បុរសម្នាក់​ឈរ​នៅ​មុខ​ខ្ញុំ ទាំង​មាន​សម្លៀក​បំពាក់ភ្លឺ​ចិញ្ចាច ហើយ​ពោល​ថា៖ "កូនេ‌លាស​អើយ ព្រះ‌ទ្រង់​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​លោក​ហើយ ឯ​ការ​ធ្វើ​ទាន​របស់​លោក ក៏​បានជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌ដែរ។ ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថាពេត្រុស​មក គាត់​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សម្លាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ"។ ដូច្នេះ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​ភ្លាម ហើយ​លោក​ក៏​អញ្ជើញ​មក​យ៉ាង​ប្រពៃ។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅទីនេះ​នៅ​ចំពោះ​ព្រះ រង់​ចាំ​ស្តាប់​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ​បាន​បង្គាប់​មក​លោក»។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​នាយ​ទាហាន​ក្នុង​កង​វរ‌សេនា​តូច រ៉ូម៉ាំង​មួយ​ឈ្មោះ «កង​វរ‌សេនា​តូច​អ៊ីតា‌លី»។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិ‌ប័តន៍ និង​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​ឲ្យ​ប្រជា‌ជន ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​គ្រប់​ពេល​វេលា។ ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវតា*​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវតា​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេ‌លាស​អើយ!»។ លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះអង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះអង្គ​មិន​ភ្លេច​ទេ។ សុំ​លោក​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ​ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។ កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេ‌លាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ផង​នោះ ឲ្យ​ចូល​មក។ លោក​បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ។ នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ ។ ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​លើ​កម្រាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។ មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។ បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។ ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។ លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា​សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បងប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារា។ រីឯ​លោក​កូនេ‌លាស​វិញ គាត់​បាន​អញ្ជើញ​ញាតិ‌សន្ដាន និង​មិត្ត​ជិត‌ដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់‌ចាំ​ពួក​លោក​ពេត្រុស។ ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេ‌លាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។ ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។ លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដា​ហាម​មិន​ឲ្យ​សាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា​ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បងប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បងប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។ លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា “លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។ ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុប‌ប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក»។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្រុង​សេសារា មាន​មនុស្ស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេ​លើ​កង‌ទ័ព ដែល​ហៅ​ថា កង‌ទ័ព​អ៊ីតាលី ជា​អ្នក​គោរព ហើយ​កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវ‌នាវ​ដល់​ព្រះ​ជានិច្ច លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេ‌លាស​អើយ លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន នឹង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ ដូច្នេះ ចូរ​អ្នក​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​មាន​ឈ្មោះ​ថា ពេត្រុស ឲ្យ​មក​ឥឡូវ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​នៅ​ក្បែរ​មាត់​សមុទ្រ អ្នក​នោះ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា កាល​ទេវតា ដែល​និយាយ​មក​លោក បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បំរើ​២​នាក់ នឹង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង‌តែ​បំរើ​លោក​ឲ្យ​មក រួច​ប្រាប់​រឿង‌រ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។ ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ដែរ ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។ កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេ‌លាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន នឹង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​លោក​មក​ផង។ កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេ‌លាស​ក៏​មក​រាក់‌ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​ទៀប​ជើង​គាត់ តែ​ពេត្រុស​លើក​លោក​ឡើង​ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី កូនេ‌លាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ ដូច្នេះ ចូរ​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​មក លោក​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ កាល​ណា​លោក​បាន​មក​ដល់ នោះ​នឹង​អធិប្បាយ​ឲ្យ​អ្នក​ស្តាប់ ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។

ចែក​រំលែក
អាន កិច្ចការ 10