២ ធីម៉ូថេ 1:1-12

២ ធីម៉ូថេ 1:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដោយ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ តាម​ព្រះ‌បន្ទូល​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ មក​ដល់​ធីម៉ូថេ ជា​កូន​ស្ងួន‌ភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ​ជា​ព្រះ‌វរ‌បិតា ហើយ​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បម្រើ​ដោយ​មន‌សិការស្អាត​បរិសុទ្ធ ដូច​បុព្វ‌បុរស​របស់​ខ្ញុំ​ដែរ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​ជានិច្ច នៅ​ក្នុងសេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​យប់​ទាំង​ថ្ងៃ។ ពេល​ខ្ញុំ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ។ ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​ជំនឿ​ស្មោះ​ត្រង់​ដែល​នៅ​ក្នុង​អ្នក ជំនឿ​នោះ​មាន​នៅ​ក្នុង​លោក​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ពី​ដំបូង រួច​ក៏​អ្នក​ស្រី​អ៊ើ‌នីស ជា​ម្តាយរបស់​អ្នក ហើយ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ ដ្បិត​ព្រះ​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណដែល​ភ័យ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដែល​មាន​អំណាច សេចក្ដី​ស្រឡាញ់ និង​គំនិត​នឹង​ធឹង​វិញ។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ដែល​ជាប់​គុក​ព្រោះ​តែ​ព្រះ‌អង្គ​នោះ​ឡើយ តែ​ត្រូវរង​ទុក្ខ​លំបាក​ជា​មួយ​ខ្ញុំសម្រាប់​ដំណឹង​ល្អ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែលទ្រង់​បាន​សង្គ្រោះ​យើង ហើយ​បាន​ត្រាស់​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ប្រព្រឹត្ត​នោះ​ទេ គឺ​ដោយ​សារ​បំណង និង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ មុន​សម័យ​កាល​ទាំង​អស់​មក​ម៉្លេះ តែ​ឥឡូវ​នេះ បាន​សម្តែង​ឲ្យ​ឃើញ តាម​រយៈ​ការ​លេច​មក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែលទ្រង់​បាន​បំបាត់​សេចក្ដី​ស្លាប់ ហើយ​បាននាំ​យក​ជីវិត និងភាព​មិន​ចេះ​សាប​សូន្យ មកដាក់ក្នុង​ពន្លឺ តាម​រយៈ​ដំណឹង​ល្អ។ សម្រាប់​ដំណឹង​ល្អ​នេះ ព្រះ​បាន​តែង​តាំង​ខ្ញុំឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស ជា​សាវក និង​ជា​គ្រូ ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំ​រង​ទុក្ខ​ដូច្នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​អាច​នឹង​ថែ​រក្សា​អ្វីៗ​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ព្រះ‌អង្គ រហូត​ដល់​ថ្ងៃ​នោះ​ឯង។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។ ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះអង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ ឥឡូវ​នេះ ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​របស់​ព្រះអង្គ ដោយ​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ ។ ព្រះ‌គ្រិស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ*។ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​គ្រូ​អប់រំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះអង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះអង្គ​នោះ​មាន​ឫទ្ធា‌នុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់‌វង្ស រហូត​ដល់​ថ្ងៃ​ព្រះអង្គ​យាង​មក។

ចែក​រំលែក
អាន ២ ធីម៉ូថេ 1

២ ធីម៉ូថេ 1:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​ព្រះ‌ហឫទ័យ​នៃ​ព្រះ តាម​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ខ្ញុំ​ផ្ញើ​មក​ធីម៉ូថេ ជា​កូន​ស្ងួន‌ភ្ងា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ខ្ញុំ​បំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូច​ជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​ទូល​អង្វរ ទាំង​យប់​ទាំង​ថ្ងៃ គឺ​នឹក​ចាំ​ពី​ទឹក​ភ្នែក​របស់​អ្នក បាន​ជា​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពេញ​ជា​សេចក្ដី​អំណរ​ឡើង ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ជំនឿ​ស្មោះ‌ត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្ដី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿ‌ជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រំឭក​ដល់​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ​ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង‌តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង‌ធឹង​វិញ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌អម្ចាស់​នៃ​យើង ឬ​ដោយ​ព្រោះ​ខ្ញុំ ជា​សិស្ស​របស់​ទ្រង់​ដែល​ជាប់​គុក​នោះ​ឡើយ ចូរ​ទ្រាំ​ទុក្ខ​លំបាក​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ តាម​ព្រះ‌ចេស្តា​នៃ​ព្រះ​ចុះ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ក្នុង​ការ‌ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ធ្វើ​ទេ គឺ​ដោយ​ដំរិះ នឹង​ព្រះ‌គុណ​នៃ​ទ្រង់​វិញ ដែល​បាន​ផ្តល់​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ មុន​អស់​ទាំង​កល្ប តែ​ឥឡូវ​នេះ ទើប​នឹង​សំដែង​មក ដោយ​ដំណើរ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ទ្រង់​លេច​មក ដែល​ទ្រង់​បាន​បំផ្លាញ​សេចក្ដី​ស្លាប់ ហើយ​បាន​យក​ជីវិត នឹង​សេចក្ដី​មិន​ចេះ​ស្លាប់ មក​ដាក់​នៅ​ពន្លឺ ដោយ‌សារ​ដំណឹង​ល្អ​វិញ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នោះ នឹង​ជា​សាវក ហើយ​ជា​គ្រូ​បង្រៀន​ដល់​សាសន៍​ដទៃ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង

ចែក​រំលែក
អាន ២ ធីម៉ូថេ 1