ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យរបស់ព្រះ តាមព្រះបន្ទូលសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ មកដល់ធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះជាព្រះវរបិតា ហើយពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយមនសិការស្អាតបរិសុទ្ធ ដូចបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ច នៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ពេលខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក ខ្ញុំចង់ជួបអ្នកជាខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។ ដ្បិតខ្ញុំនឹកចាំពីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក ជំនឿនោះមាននៅក្នុងលោកយាយឡូអ៊ីស ជាជីដូនរបស់អ្នកពីដំបូង រួចក៏អ្នកស្រីអ៊ើនីស ជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។ ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។ សម្រាប់ដំណឹងល្អនេះ ព្រះបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស ជាសាវក និងជាគ្រូ ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។
អាន ២ ធីម៉ូថេ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ធីម៉ូថេ 1:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ