២ ថេស្សាឡូនិក 1:10-12

២ ថេស្សាឡូនិក 1:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជា‌ជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ ។ ចំពោះ​បងប្អូន​វិញ បងប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រទាន​ឲ្យ​បងប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បងប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ដូច្នេះ ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរី‌រុងរឿង​នៅ​ក្នុង​បងប្អូន ហើយ​បងប្អូន​ក៏​មាន​សិរី‌រុងរឿង​ក្នុង​ព្រះអង្គ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ។

២ ថេស្សាឡូនិក 1:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើងបានរាប់​អ្នក​រាល់​គ្នា​ជា​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ ហើយ​ឲ្យ​បាន​បំពេញ​គ្រប់​ទាំង​បំណង​សម្រាប់​ការ​ល្អ និង​កិច្ច​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​តម្កើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌អង្គ​ដែរ តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

២ ថេស្សាឡូនិក 1:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃ​នោះ ឲ្យ​បាន​គេ​មើល​ទ្រង់​ដោយ​អស្ចារ្យ ក្នុង​ពួក​អ្នក​ដែល​ជឿ ដ្បិត​អ្នក​រាល់​គ្នា​បាន​ជឿ​ពាក្យ​បន្ទាល់​របស់​យើង​ខ្ញុំ​ហើយ ដូច្នេះ យើង​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ បាន​រាប់​អ្នក​រាល់​គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់​ទាំង​សេចក្ដី​បំណង​ខាង​ឯ​ការ​ល្អ នឹង​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា ដើម្បី​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ