២ សាំយូអែល 6:12-23

២ សាំយូអែល 6:12-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ‌អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​ព្រះ‌ជាម្ចាស់»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដ‌អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។ នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះ‌បាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា។ ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។ ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។ ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​ព្រះ‌បាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។ កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​រួច​ហើយ ព្រះ‌បាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌បាទ​ដាវីឌ​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំប៉័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។ ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះ‌រាជ‌វង្ស។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល ចេញ​មក​ទទួល​ស្ដេច ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល‌ចរិត!»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ទៅ​ព្រះ‌នាង​មិកាល់​ថា៖ «យើង​ធ្វើ​ដូច្នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​ជ្រើស​រើស​យើង​ឲ្យ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជំនួស​បិតា​របស់​នាង និង​រាជ‌វង្ស។ យើង​សម្តែង​សេចក្ដី​សប្បាយ​នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់! យើង​ចង់​ដាក់​ខ្លួន​ឲ្យ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាង ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បម្រើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:12-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​គេ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​អូបិឌ-អេដុម និង​អ្វីៗ​ទាំងអស់​របស់​គាត់ ដោយ​ព្រោះ​ហិបរបស់​ព្រះ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​យក​ហិប​របស់​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ព្រះករុណា​វិញ​ដោយ​អំណរ។ កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។ ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។ ព្រះបាទ​ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ និង​សូរ​ផ្លុំ​ត្រែ​ផង។ ពេល​ដែល​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ព្រះបាទ​ដាវីឌ កំពុង​តែ​ហក់​លោក​កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​មាន​ចិត្ត​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។ គេ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្ដាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សម្រាប់​ហិប​នោះ រួច​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា លុះ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ផែន ដល់​ប្រជាជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជាជន​ក៏​ត្រឡប់​ទៅ​ឯ​លំ​នៅ​របស់​គេ​រៀង​ខ្លួន​វិញ។ បន្ទាប់មក ព្រះបាទ​ដាវីឌ​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា៖ «នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​សេចក្ដី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក​ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បម្រើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «នោះ​គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ ជា​ព្រះ​ដែល​បាន​រើស​យើង​ជា​ជាង​បិតា​ឯង និង​វង្សា​របស់​ឯង​ទាំង​អស់​គ្នា​ដែរ ដើម្បី​នាំ​តាំង​យើង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហេតុ​ដូច្នេះ​បាន​ជា​យើង​លេង​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ និង​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ជាង​នោះ​ទៅ​ទៀត ព្រម​ទាំង​បាន​ទាប​ថោក​ដល់​ភ្នែក​ខ្លួន​យើង​ផង តែ​ចំណែក​ពួក​ស្រី​បម្រើ​ដែល​ឯង​បាន​និយាយ​នោះ គេ​នឹង​លើក​សរសើរ​ដល់​យើង​វិញ»។ ដូច្នេះ មីកាល​ជា​បុត្រី​របស់​ស្ដេចសូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:12-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម នឹង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ នឹង​កូន​គោ​១​យ៉ាង​ធាត់ ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដូច្នេះ ដាវីឌនឹង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង នឹង​សូរ​ផ្លុំ​ត្រែ​ផង។ ក្នុង​វេលា​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា កំពុង​តែ​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​សូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ស្តេច​ដាវីឌ កំពុង​តែ​ហក់​លោត‌កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​ក៏​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់ គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា លុះ​បាន​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ដល់​ប្រជា‌ជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ទាំង​ប្រុស ទាំង​ស្រី​ផង ដូច្នេះប្រជា‌ជន​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​រៀង​ខ្លួន​វិញ។ រួច​ហើយ ដាវីឌ​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​សូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល មាន​សេចក្ដី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បំរើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ តែ​ដាវីឌ​មាន​បន្ទូល​តប​ថា នោះ​គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ ជា​ព្រះ​ដែល​បាន​រើស​អញ​ជា​ជាង​បិតា​ឯង នឹង​វង្សានុវង្ស​របស់​ឯង​ទាំង​អស់​គ្នា​ដែរ ដើម្បី​នឹងតាំង​អញ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហេតុ​ដូច្នេះ​បាន​ជា​អញ​នឹង​លេង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ជាង​នោះ​ទៅ​ទៀត ព្រម​ទាំង​បាន​ទាប​ថោក​ដល់​ភ្នែក​ខ្លួន​អញ​ផង តែ​ចំណែក​ពួក​បាវ​ស្រី​ដែល​ឯង​បាន​និយាយ​នោះ គេ​នឹង​លើក​សរសើរ​ដល់​អញ​វិញ ដូច្នេះ មីកាល​ជា​បុត្រី​សូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។

ចែក​រំលែក
អាន ២ សាំយូអែល 6