២ សាំយូអែល 6:12-23

២ សាំយូអែល 6:12-23 គខប

មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ‌អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​ព្រះ‌ជាម្ចាស់»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដ‌អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។ នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះ‌បាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា។ ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។ ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។ ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​ព្រះ‌បាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។ កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​រួច​ហើយ ព្រះ‌បាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌បាទ​ដាវីឌ​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំប៉័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។ ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះ‌រាជ‌វង្ស។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល ចេញ​មក​ទទួល​ស្ដេច ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល‌ចរិត!»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ទៅ​ព្រះ‌នាង​មិកាល់​ថា៖ «យើង​ធ្វើ​ដូច្នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​ជ្រើស​រើស​យើង​ឲ្យ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជំនួស​បិតា​របស់​នាង និង​រាជ‌វង្ស។ យើង​សម្តែង​សេចក្ដី​សប្បាយ​នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់! យើង​ចង់​ដាក់​ខ្លួន​ឲ្យ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាង ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បម្រើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។