២ សាំយូអែល 24:18-25

២ សាំយូអែល 24:18-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ កាដ​បាន​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស​ទៅ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាដ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ ពេល​អ័រ៉ៅ‌ណា​បាន​ក្រឡេក​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​រក​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី។ អ័រ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​រក​ទូល‌បង្គំ​មាន​ការ​អ្វី?» ព្រះបាទ​ដាវីឌ​ឆ្លើយ​ថា៖ «មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ដក​សេចក្ដី​វេទនា​នេះ​ចេញ​ពី​ប្រជាជន​ទៅ»។ អ័រ៉ៅ‌ណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​ទី​នេះ មាន​គោ​សម្រាប់​តង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់។ អ័រ៉ៅ‌ណា​សូម​ថ្វាយ​ទាំង​អស់​នេះ​ដល់​ស្តេច» ហើយ​អ័រ៉ៅ‌ណា​បាន​ពោល​ទៅ​ស្ដេច​ទៀត​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ទទួល​ទ្រង់​ផង»។ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។ ព្រះបាទ​ដាវីឌ​បាន​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ផង នោះ​ព្រះ‌យេហូវ៉ា​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​រួច​ផុត​ពី​គ្រោះ​កាច​នោះ​ទៅ។:៚

២ សាំយូអែល 24:18-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ទី​នោះ​ចុះ!»។ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់។ កាល​លោក​អរ៉ៅ‌ណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​លោក លោក​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ឱន​មុខ​ដល់​ដី។ លោក​អរ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! ទ្រង់​យាង​មក​ផ្ទះ​ទូលបង្គំ​មាន​ការ​អ្វី​ដែរ?»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មក​ទិញ​លាន​បោក​ស្រូវ​របស់​អ្នក សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ផុត​ពី​គ្រោះ​កាច»។ លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់​យក​អ្វីៗ​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌អម្ចាស់ យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។ បពិត្រ​ព្រះ‌រាជា ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់​ដល់​ព្រះ‌រាជា ឲ្យ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ករុណា​សព្វ​ព្រះ‌ហឫទ័យ​ទទួល​តង្វាយ​នេះ!»។ ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញ‌បូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះ‌បាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។ ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ព្រះ‌អម្ចាស់​ក៏​ប្រណី​សន្ដោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។

២ សាំយូអែល 24:18-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច នឹង​ពួក​មហា‌តលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូលបង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្ដី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ទ័យ មើល មាន​គោ​នេះ​សំរាប់​ដង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ នឹង​នឹម​គោ ទុក​ជា​ឧស​ស្រាប់ អ័រ៉ៅណា​ក៏​ថ្វាយ​ទាំង​អស់​នោះ​ដល់​ស្តេច ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ទទួល​ទ្រង់​ផង តែ​ស្តេច​មាន​បន្ទូល​ទៅ​អ័រ៉ៅណា​ថា កុំ​ឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​ដំឡៃ​វិញ យើង​មិន​ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ឡើយ ដូច្នេះដាវីឌ​ក៏​ទិញ​លាន​ស្រូវ នឹង​គោ​ទាំង​នោះ ដំឡៃ​ជា​ប្រាក់​៥០​រៀល រួច​ទ្រង់​ស្អាង​អាសនា១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្ដី​វេទនា​នោះ ក៏​ថយចេញ​ពី​ពួក​អ៊ីស្រាអែល​ទៅ។:៚

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ