២ សាំ‌យូ‌អែល 24:18-25

២ សាំ‌យូ‌អែល 24:18-25 គកស១៦

នៅ​ថ្ងៃ​នោះ កាដ​បាន​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស​ទៅ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាដ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ ពេល​អ័រ៉ៅ‌ណា​បាន​ក្រឡេក​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​រក​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី។ អ័រ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ តើ​ទ្រង់​យាង​មក​រក​ទូល‌បង្គំ​មាន​ការ​អ្វី?» ព្រះបាទ​ដាវីឌ​ឆ្លើយ​ថា៖ «មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ដក​សេចក្ដី​វេទនា​នេះ​ចេញ​ពី​ប្រជាជន​ទៅ»។ អ័រ៉ៅ‌ណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​ទី​នេះ មាន​គោ​សម្រាប់​តង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់។ អ័រ៉ៅ‌ណា​សូម​ថ្វាយ​ទាំង​អស់​នេះ​ដល់​ស្តេច» ហើយ​អ័រ៉ៅ‌ណា​បាន​ពោល​ទៅ​ស្ដេច​ទៀត​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ទទួល​ទ្រង់​ផង»។ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។ ព្រះបាទ​ដាវីឌ​បាន​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ផង នោះ​ព្រះ‌យេហូវ៉ា​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​រួច​ផុត​ពី​គ្រោះ​កាច​នោះ​ទៅ។:៚