២ សាំយូអែល 23:20-23

២ សាំយូអែល 23:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បេណា‌យ៉ា អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នា‌ដៃ​យ៉ាង​ច្រើន គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​ពី​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ធ្លាក់​ទឹក​កក។ លោក​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​រូប​រាង​ធំ​សម្បើម ប្រដាប់​ដោយ​លំពែង។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​គេ​នឹង​លំពែង​នោះ​ទៅ។ នេះ​ហើយ​ជា​ស្នា‌ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​រូប។ ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​មេ‌ទ័ព​ទាំង​បី​រូប​បាន​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។

២ សាំយូអែល 23:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ជា​កូនដែល​ខ្លាំង​ពូកែ​ម្នាក់ នៅ​កាប‌សៀល ជា​អ្នក​ដែល​មាន​ស្នា​ដៃ​ល្អៗ​ជា​ច្រើន។ លោក​បាន​សម្លាប់​កូន​ទាំង​ពីរ​របស់​អ័រាល សាសន៍​ម៉ូអាប់ ហើយ​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល ហើយ​លោក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ដែល​មាន​មាឌ​ធំ​ខ្ពស់ សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​កាន់​លំពែង​នៅ​ដៃ ប៉ុន្តែ បេ‌ណា‌យ៉ា​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​កន្ត្រាក់​យក​លំពែង​ពី​ដៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សម្លាប់​នឹង​លំពែង​របស់​គេ​នោះ​ទៅ។ នេះ​ហើយ​ជា​ស្នាដៃ​របស់​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា​បាន​ធ្វើ ដែល​នាំ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ដូច​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​រូប​នោះ​ដែរ។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប​រូប តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​រូប​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែង​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​កង​អង្គរក្ស​របស់​ស្ដេច។

២ សាំយូអែល 23:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ ហើយ​លោក​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សំឡាប់ នឹង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣នាក់​នោះ គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។