២ សាំយូអែល 13:1-20

២ សាំយូអែល 13:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច្នេះ គឺ​អាប់សា‌ឡុម បុត្រា​ដាវីឌ​មាន​កនិដ្ឋា​មួយ​អង្គ មាន​រូប​ស្រស់​ល្អ​ណាស់ គឺ​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ឫ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​រូប​នាង។ អាំណូន​រំជួល​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋា​យ៉ាង​ខ្លាំង រហូត​ធ្លាក់​ខ្លួន​ឈឺ ទ្រង់​នឹក​ឃើញ​ថា ពិបាក​ធ្វើ​អ្វី​ដល់​នាង​ណាស់ ព្រោះ​នាង​នៅ​បរិសុទ្ធ។ ប៉ុន្តែ អាំណូន​មាន​មិត្ត​ម្នាក់ ឈ្មោះ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ ជា​មនុស្ស​ឈ្លាស​វៃ​ណាស់។ អ្នក​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច រស់​នៅ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​យើង​ដឹង​ផង» អាំណូន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ ជា​ប្អូន​អាប់សា‌ឡុម បង​ខ្ញុំ​ណាស់»។ រួច​យ៉ូ‌ណា‌ដាប​ប្រាប់​ថា៖ «ដូច្នេះ ចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ត្រូវ​ទូល​ថា "សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​ឃើញ ហើយ​បាន​ទទួល​ពី​ដៃ​នាង​មក​បរិ‌ភោគ​បន្តិច"»។ ដូច្នេះ អាំណូន​ក៏​ដេក ហើយ​ក្លែង​ធ្វើ​ជាឈឺ ពេល​ស្តេច​បាន​យាង​មក​សួរ អាំណូន​ទូល​ថា៖ «សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​ធ្វើ​នំ​ពីរ​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានបរិភោគ​ពី​ដៃ​នាង»។ ព្រះបាទ​ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​បង​របស់​ឯង ហើយ​រៀប​ចំ ម្ហូប​ឲ្យបង​បរិភោគ​ផង»។ ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន ដែល​កំពុង​ផ្ទំ។ នាង​ក៏​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខបង។ រួច​លើក​ខ្ទះ​មក​ចាក់​នំ​នោះ​នៅនឹង​មុខ ប៉ុន្តែ ទ្រង់​មិន​បរិ‌ភោគ​ទេ ហើយ​បង្គាប់​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​យើង​ទៅ» ដូច្នេះ គ្រប់​គ្នា​ក៏​ចេញ​ទៅ​ក្រៅ។ បន្ទាប់​មក អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា៖ «សូម​យក​នំ​មក​ក្នុង​បន្ទប់ ដើម្បី​យើង​បរិ‌ភោគ​ពី​ដៃ​ឯង»។ ព្រះ​នាង​ក៏​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឲ្យ​អាំណូន​ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់។ ប៉ុន្តែ ពេល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ឲ្យ​សោយ ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា៖ «ប្អូន​អើយ ចូរ​មក​ដេក​ជា‌មួយ​យើង»។ នាង​ប្រកែក​ថា៖ «ទេ បង​អើយ កុំ​ធ្វើ​បាប​ខ្ញុំអី ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ខ្លាំង​ណាស់ សូម​កុំ​ប្រព្រឹត្ត​អា‌ក្រក់​យ៉ាង​នេះ។ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា? ហើយ​ចំណែក​បង​វិញ នោះ​គេ​នឹងចាត់ទុក​បង​ថា​ជា​មនុស្ស​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រា‌អែល។ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក ដែល​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ»។ ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​ជា​មួយ​នាង ដោយ​ទ្រង់​មាន​កម្លាំង​ខ្លាំង​ជាង។ បន្ទាប់​មក អាំណូន​មានចិត្ត​ណាយ ហើយ​ស្អប់​នាង​យ៉ាង​ខ្លាំង គឺ​ស្អប់​ខ្ពើម​នាង​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដល់​នាង​ពី​មុន​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ»។ ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ទេ បង ដ្បិត​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ អា‌ក្រក់​ជាង​ការ​ដែល​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ។ អាំណូន​ក៏​ហៅ​ក្មេង​បម្រើ​ម្នាក់​មក​ប្រាប់​ថា៖ «ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​ខ្ទាស់​ទ្វារឲ្យ​ជិត»។ ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​នាង​ទៅ​ក្រៅ ហើយ​បិទ​ទ្វារ​ជិត។ ឯ​នាង​តាម៉ារ ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ។ នាង​តាម៉ារ​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ព្រះ‌កន្សែង​ជា​ខ្លាំង។ អាប់សា‌ឡុម​ជា​ជេដ្ឋា​ក៏​សួរ​ថា៖ «តើ​អាំណូន​បង​ឯង ធ្វើ​បាប​ឯង​ឬ? ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន ដ្បិត​ជា​បង​ឯង​ទេ កុំមាន​ចិត្ត​ព្រួយ​ពី​ការ​នេះ​ឡើយ»។ ដូច្នេះ នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់សា‌ឡុម​ជា​ជេដ្ឋា។

២ សាំយូអែល 13:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់‌សាឡុម ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​នាម​ព្រះ‌នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះ‌បាទ​ដាវីឌ មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។ សម្ដេច​អាំណូន​មាន​ចិត្ត​ស្រឡាញ់​ព្រះ‌នាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។ សម្ដេច​អាំណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ។ លោក​យ៉ូណា‌ដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «ព្រះអង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​ព្រះ‌នាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។ លោក​យ៉ូណា‌ដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ផ្ទំ​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​បិតា​របស់​ព្រះអង្គ​ម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ ព្រះអង្គ​ម្ចាស់​ត្រូវ​ទូល​ថា “សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ទូលបង្គំ យក​ម្ហូប​អាហារ​មក​ឲ្យ​ទូលបង្គំ​ផង។ នាង​ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។ សម្ដេច​អាំណូន​ក៏​ទៅ​ផ្ទំ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ព្រះ‌រាជា​យាង​មក​សួរ​សុខ​ទុក្ខ សម្ដេច​ទូល​ថា៖ «សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ទូលបង្គំ មក​ធ្វើ​នំ​ពីរ នៅ​មុខ​ទូលបង្គំ រួច​ហើយ​នាង​លើក​នំ​នោះ​មក​ឲ្យ​ទូលបង្គំ​ដោយ​ផ្ទាល់​ដៃ ទើប​ទូលបង្គំ​ទទួល​ទាន»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ព្រះ‌នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​ព្រះ‌នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​ជា​បង​របស់​នាង ហើយ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​សោយ​ផង»។ ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។ ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។ សម្ដេច​អាំណូន​ប្រាប់​ព្រះ‌នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះ‌នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។ ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។ ព្រះ‌នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រា‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។ បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រា‌អែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​ឲ្យ​ម្ចាស់​បង​ឡើយ»។ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។ បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។ ព្រះ‌នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។ ក្មេង​បម្រើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះ‌នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។ ព្រះ‌នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ ទាំង​ស្រែក​ផង។ សម្ដេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ជា​បង។

២ សាំយូអែល 13:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក កើត​មាន​រឿង​ដូច្នេះ គឺ​អាប់‌សា‌ឡំម​បុត្រា​ដាវីឌ​មាន​កនិដ្ឋា១ មាន​រូប​ស្រស់‌បស់​ល្អ នាម​នាង​តាម៉ារ ហើយ​អាំណូន ជា​បុត្រា​ដាវីឌ មាន​ព្រះ‌ទ័យ​ប្រតិ‌ព័ទ្ធ​ស្រឡាញ់ អាំណូន​មាន​សេចក្ដី​រំជួល​ស្រឡាញ់​នាង​តាម៉ារ​ជា​កនិដ្ឋាដល់​ម៉្លេះ បាន​ជា​ទ្រង់​ទៅ​ជា​ប្រឈួន ទ្រង់​នឹក​ឃើញ​ថា ពិបាក​នឹង​ធ្វើ​អ្វី​ដល់​នាង​ណាស់ ដោយ​ព្រោះ​នាង​នៅ​បរិសុទ្ធ តែ​អាំណូន​មាន​ពួក‌ម៉ាក​ម្នាក់​ឈ្មោះ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ដាវីឌ ជា​មនុស្ស​ឆ្លៀវ‌ឆ្លាត​ណាស់ អ្នក​នោះ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច នៅ​តែ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ សូម​ប្រាប់​ឲ្យ​អញ​ដឹង​ផង នោះ​អាំណូន​ប្រាប់​ថា អញ​មាន​ចិត្ត​ស្រឡាញ់​ដល់​នាង​តាម៉ារ ជា​ប្អូន​អាប់‌សា‌ឡំម បង​អញ​ណាស់ រួច​យ៉ូណា‌ដាប​ប្រាប់​ថា ដូច្នេះចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ចូរ​ទូល​ថា សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូលបង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូលបង្គំ ឲ្យ​ទូលបង្គំ​បាន​ឃើញ ហើយ​បាន​ទទួល ពី​ដៃ​នាង​មក​បរិភោគ​បន្តិច ដូច្នេះអាំណូន​ក៏​ដេក​ទៅ ហើយ​ក្លែង​ធ្វើ​ជា​ប្រឈួន លុះ​កាល​ស្តេច​បាន​យាង​មក​សួរ នោះ​អាំណូន​ទូល​ថា សូម​បិតា​អនុញ្ញាត ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូលបង្គំ មក​ធ្វើ​នំ​២​នៅ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ទទួល​ពី​ដៃ​នាង​មក​បរិភោគ។ នោះ​ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា ចូរ​ឯង​ទៅ​ឯ​ដំណាក់​អាំណូន​ជេដ្ឋា​ឯង ហើយ​ធ្វើ​នំ​ឲ្យ​វា​ចុះ ដូច្នេះនាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន​ជា​ជេដ្ឋា​ខ្លួន កំពុង​ដែល​ទ្រង់​ផ្ទំ នាង​ក៏​យក​ម្សៅមក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​ចំពោះ​ទ្រង់ រួច​លើក​ខ្ទះ​ចាក់​នំ​នោះ​នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​បរិភោគ​ទេ ហើយ​បង្គាប់​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​អញ​ទៅ គេ​ក៏​ចេញ​ទាំង​អស់​គ្នា រួច​អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា សូម​នាំ​យក​នំ​មក​ក្នុង​បន្ទប់​ឯ​ណេះ ដើម្បី​អញ​នឹង​បរិភោគ​ពី​ដៃ​ឯង នាង​ក៏​នាំ​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឯ​អាំណូន ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់ កាល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ទៅ​ឲ្យ​សោយ នោះ​ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា ប្អូន​អើយ ចូរ​មក​ដេក​នឹង​អញ​ចុះ តែ​នាង​ប្រកែក​ថា ទេ បង​អើយ សូម​កុំ​បន្ទាប​ខ្ញុំ​ឡើយ ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រាអែល​ណាស់ សូម​កុំ​ធ្វើ​ការ​អាក្រក់​នេះ​ឲ្យ​សោះ ឯ​ខ្ញុំ​ម្ចាស់ តើ​នឹង​យក​សេចក្ដី​ខ្មាស​ទៅ​ទុក​ឯ​ណា ហើយ​ចំណែក​ឯ​បង នោះ​គេ​នឹង​រាប់​បង ទុក​ជា​មនុស្ស​ងងឹត​ល្ងើ​ក្នុង​សាសន៍​អ៊ីស្រាអែល​ដែរ ដូច្នេះ សូម​ទូល​ដល់​ស្តេច​ចុះ ដ្បិត​ទ្រង់​មិន​ប្រកែក នឹង​ឲ្យ​ខ្ញុំ​ម្ចាស់​ដល់​បង​ទេ ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ ដោយ​ទ្រង់​មាន​កំឡាំង​ច្រើន​ជាង។ រួច​មកអាំណូន​មាន​ព្រះ‌ទ័យ​ណាយ ស្អប់​ដល់​នាង​ជា​ខ្លាំង​ក្រៃ‌លែង ដល់​ម៉្លេះ​បាន​ជា​សេចក្ដី​ស្អប់​ខ្ពើម ដែល​ទ្រង់​មាន​ដល់​នាង នោះ​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បាន​មាន​ដល់​នាង​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ នោះ​នាង​ឆ្លើយ​ថា កុំ​ឡើយ ដ្បិត​ការ​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ នោះ​អាក្រក់​ជាង​ការ ដែល​បាន​ធ្វើ​ហើយ ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ ក៏​ហៅ​អ្នក​ដែល​តែង​បំរើ​ទ្រង់​មក​ប្រាប់​ថា ចូរ​យក​ស្រី​នេះ​ចេញ​ទៅ រួច​បិទ​ទ្វារ​ដាក់​រនុក​ផង ដូច្នេះ អ្នក​បំរើ​ក៏​នាំ​នាង​ទៅ​ក្រៅ រួច​បិទ​ទ្វារ ឯ​នាង​តាម៉ារ ទ្រង់​ព្រះ‌ភូសា​ពណ៌​ផ្សេងៗ ដ្បិត​ពួក​បុត្រី​ស្តេច​ដែល​នៅ​ក្រមុំ​ធ្លាប់​តែង​អង្គ​យ៉ាង​នោះ រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។ អាប់‌សា‌ឡំម​ជា​ជេដ្ឋា​ក៏​សួរ​ថា តើ​អាំណូន​បង​ឯង​បាន​នៅ​ជា​មួយ​នឹង​ឯង​ឬ​អី ប្អូន​អើយ ចូរ​នៅ​ស្ងៀម​សិន​ចុះ ដ្បិត​ជា​បង​ឯង​ទេ កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​នឹង​ការ​នេះ​ពេក​ឡើយ នោះ​នាង​ក៏​នៅ​តែ​ឯង​ក្នុង​ដំណាក់​អាប់‌សា‌ឡំម ជា​ជេដ្ឋា