២ ពង្សាវតារក្សត្រ 6:15-20
២ ពង្សាវតារក្សត្រ 6:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលអ្នកបម្រើនៃអ្នកសំណព្វរបស់ព្រះបានក្រោកពីព្រលឹម ចេញទៅក្រៅ ឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំងនៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?» លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។ កាលពួកស៊ីរី បានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេស្រវាំងទៅ» ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេស្រវាំងតាមពាក្យអេលីសេ ហើយអេលីសេប្រាប់គេថា៖ «មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្សដែលត្រូវរកនោះ» តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។ ពេលគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ» ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្ដាលក្រុងសាម៉ារីហើយ។
២ ពង្សាវតារក្សត្រ 6:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចម្បាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។ លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចម្បាំងជាភ្លើង ជុំវិញលោកអេលីសេ។ ពលទាហានស៊ីរីចុះតម្រង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើឲ្យទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។ លោកអេលីសេប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្សដែលអ្នករាល់គ្នាកំពុងស្វែងរក»។ លោកនាំពួកគេចូលក្រុងសាម៉ារី។ លុះពួកគេចូលក្នុងក្រុងសាម៉ារីហើយ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាប្រោសឲ្យភ្នែករបស់អ្នកទាំងនេះភ្លឺផង!»។ ព្រះអម្ចាស់ធ្វើឲ្យភ្នែករបស់ពួកគេភ្លឺ ហើយពួកគេឃើញថា ខ្លួនកំពុងស្ថិតនៅកណ្ដាលក្រុងសាម៉ារី។
២ ពង្សាវតារក្សត្រ 6:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នកបំរើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ នឹងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបំរើជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច លោកឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ នឹងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ កាលបានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេត្រូវថ្ពឹនទៅ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេ ត្រូវថ្ពឹនតាមពាក្យអេលីសេ ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។ លុះគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្តាលក្រុងសាម៉ារីហើយ