២ ពង្សាវតារក្សត្រ 5:1-15
២ ពង្សាវតារក្សត្រ 5:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។ គ្រានោះ ពួកទ័ពស៊ីរីបានចេញទៅដោយកងៗ ហើយចាប់បានក្មេងស្រីម្នាក់មកពីស្រុកអ៊ីស្រាអែល នាងនោះក៏មកបម្រើប្រពន្ធណាម៉ាន់។ នាងនិយាយទៅចៅហ្វាយស្រីរបស់ខ្លួនថា៖ «ប្រសិនបើលោកប្រុស ជាចៅហ្វាយនាងខ្ញុំ នៅជាមួយហោរាដែលនៅក្រុងសាម៉ារីនោះ លោកនឹងមើលរោគឃ្លង់នេះឲ្យជាហើយ!»។ ណាម៉ាន់បានចូលទៅក្នុង ហើយជម្រាបចៅហ្វាយរបស់គាត់ ពីអ្វីដែលក្មេងស្រីមកពីស្រុកអ៊ីស្រាអែលបាននិយាយ។ ស្តេចស៊ីរីមានរាជឱង្ការថា៖ «ចូរទៅចុះ យើងនឹងធ្វើសំបុត្រមួយផ្ញើទៅស្តេចអ៊ីស្រាអែលដែរ»។ លោកបានចេញទៅ នាំយកទាំងប្រាក់ដប់ហាប និងមាសប្រាំមួយពាន់សេកែល ហើយសម្លៀកបំពាក់ដប់បន្លាស់ផង។ លោកយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា៖ «កាលណាទ្រង់ទទួលសំបុត្រនេះ សូមជ្រាបថា ទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់ជាពីរោគឃ្លង់ផង»។ ពេលស្តេចអ៊ីស្រាអែលបានអានសំបុត្រនោះរួចហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ដោយមានព្រះបន្ទូលថា៖ «តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់មនុស្សឃ្លង់នេះមកឲ្យយើងមើលរោគឲ្យជាដូច្នេះ? ចូរពិចារណាមើលរបៀបដែលគេរករឿងនឹងយើង»។ ប៉ុន្តែ ពេលអេលីសេអ្នកសំណព្វរបស់ព្រះបានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រដូច្នោះ លោកក៏ចាត់គេឲ្យទៅទូលសួរស្តេចថា៖ «ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ? សូមឲ្យលោកនោះមកជួបទូលបង្គំចុះ នោះលោកនឹងបានជ្រាបថា មានហោរាមួយនៅស្រុកអ៊ីស្រាអែលមែន»។ ដូច្នេះ ណាម៉ាន់បានមកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានសេះ និងរទេះផង។ អេលីសេបានចាត់អ្នកបម្រើម្នាក់ ឲ្យទៅជម្រាបថា៖ «សូមលោកទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»។ តែណាម៉ាន់មានកំហឹង ហើយក៏ចេញទៅ ដោយពោលថា៖ «ខ្ញុំស្មានថាប្រាកដជាលោកចេញមកជួបខ្ញុំ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់លោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា។ ឯទន្លេអាបាណា និងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹក នៅស្រុកអ៊ីស្រាអែលទេឬ? បើខ្ញុំមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬ?»។ ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅទាំងកំហឹង។ ប៉ុន្តែ ពួកអ្នកបម្រើរបស់លោកក៏អែបចូលជិត ជម្រាបថា៖ «លោកឪពុកអើយ ប្រសិនបើហោរានោះប្រាប់ឲ្យលោកធ្វើអ្វីដែលពិបាក តើលោកមិនធ្វើតាមទេឬ? បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត?» ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដង តាមពាក្យអ្នកសំណព្វរបស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។ បន្ទាប់មក លោកបានត្រឡប់ទៅរកអ្នកសំណព្វរបស់ព្រះវិញ ឈរនៅចំពោះមុខជម្រាបថា៖ «ឥឡូវនេះ ខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ ក្រៅពីព្រះនៃសាសន៍អ៊ីស្រាអែលមួយប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ»។
២ ពង្សាវតារក្សត្រ 5:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានបុរសម្នាក់ឈ្មោះណាម៉ាន់ ជាមេទ័ពរបស់ស្ដេចស្រុកស៊ីរី។ ស្ដេចសព្វព្រះហឫទ័យនឹងលោកណាស់ ដ្បិតព្រះអម្ចាស់ប្រទានជ័យជម្នះដល់ស្រុកស៊ីរី ព្រោះតែលោក។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។ គ្រានោះ កងទ័ពស៊ីរីបានចេញមកច្បាំងនឹងស្រុកអ៊ីស្រាអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។ នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើលោកម្ចាស់អាចទៅជួបព្យាការីនៅក្រុងសាម៉ារី លោកមុខជាជួយលោកម្ចាស់ឲ្យជាសះស្បើយពីរោគឃ្លង់ពុំខាន!»។ លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រាអែលនោះទៅទូលស្ដេចស្រុកស៊ីរី។ ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។ លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។ កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។ កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្ដេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់គេឲ្យទៅទូលសួរស្ដេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។ លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។ ព្យាការីអេលីសេចាត់គេឲ្យទៅជម្រាបលោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។ លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅ ទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាព្យាការីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។ នៅក្រុងដាម៉ាសក៏មានទន្លេដែរ គឺទន្លេអាបាណា និងទន្លេផើផើរ បើគ្រាន់តែមុជទឹក ហើយខ្ញុំបានជាសះស្បើយនោះ ខ្ញុំទៅមុជទឹកទន្លេនៅស្រុកខ្ញុំ ប្រសើរជាងមុជទឹកក្នុងទន្លេទាំងប៉ុន្មាន នៅស្រុកអ៊ីស្រាអែលនេះ!»។ លោកណាម៉ាន់ចាកចេញទៅ ទាំងក្រេវក្រោធ។ ប៉ុន្តែ អ្នកបម្រើរបស់លោកចូលទៅជិតលោក ជម្រាបថា៖ «លោកឪពុក! ប្រសិនបើព្យាការីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ព្យាការីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្ដេចក៏លោកមិនធ្វើតាម?»។ លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានប្រាប់ ស្រាប់តែសាច់របស់លោកឡើងស្អាត ដូចសាច់កូនក្មេង លោកក៏ជាស្អាតបរិសុទ្ធ។ លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការី ជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។
២ ពង្សាវតារក្សត្រ 5:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជំនះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ គ្រានោះ ពួកទ័ពស៊ីរីបានចេញ ទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បំរើប្រពន្ធណាម៉ាន់ នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ ដូច្នេះ ស្តេចស៊ីរីមានបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប នឹងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់ លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់ កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។ កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ នឹងរទេះផង ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ តែណាម៉ាន់មានសេចក្ដីកំហឹង ហើយក៏ចេញទៅ ដោយពោលថា មើល អញស្មានថាប្រាកដជាលោកនឹងចេញមកឯអញ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា ឯទន្លេអាបាណា នឹងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹកទាំងឡាយ នៅស្រុកអ៊ីស្រាអែលទេឬអី បើអញមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬអី ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ ដោយសេចក្ដីឃោរឃៅជាខ្លាំង តែពួកអ្នកបំរើលោកក៏អែបចូលជិត ជំរាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេងៗ ហើយលោកបានជាស្អាត។ រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ