២ ពង្សាវតារក្សត្រ 2:9-15

២ ពង្សាវតារក្សត្រ 2:9-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។ ក្នុង​ពេល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ។ កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលីយ៉ា​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក​ជា​ពីរ រួច​រើស​អាវ​ធំ​របស់​លោក​អេលីយ៉ា​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។ លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​លោក​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។ ក្រុម​ព្យាការី​ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក

២ ពង្សាវតារក្សត្រ 2:9-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​សូម​ការ​យ៉ាង​ពិបាក​ណាស់ ប៉ុន្តែ បើ​អ្នក​ឃើញ​ខ្ញុំ ក្នុង​កាល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ នោះ​មិន​បាន​ទេ»។ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។ អេលី‌សេ​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា៖ «ឱ​លោក​ឪពុក! លោក​ឪពុក​ខ្ញុំ​អើយ! ន៎ុះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល!»។ លោក​មិន​បាន​ឃើញ​លោក​អេលីយ៉ា​ទៀត​ឡើយ លោក​បាន​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​ពីរ។ រួច​រើស​យក​ក្រមា​របស់​លោក​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក​នោះ វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់ ហើយ​យក​ក្រមា​របស់​លោក​អេលីយ៉ា ដែល​ជ្រុះ​មក​នោះ ទៅ​វាយ​ទឹក ដោយ​ពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​អេលីយ៉ា ព្រះ‌អង្គ​គង់​នៅ​ឯ​ណា?» ពេល​បាន​វាយ​ទឹក​ហើយ ទឹក​ក៏​បាន​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។ ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។

២ ពង្សាវតារក្សត្រ 2:9-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលី‌សេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សំរាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលី‌សេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្ដី​យ៉ាង​ពិបាក ប៉ុន្តែបើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង នឹង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថនឹង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់ ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។ លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ