២ ពង្សាវតារក្សត្រ 2:1-6

២ ពង្សាវតារក្សត្រ 2:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​លើក​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច​នោះ លោក​អេលីយ៉ា និង​អេលី‌សេ​បាន​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា‌មួយ​គ្នា។ លោក​អេលីយ៉ា​បាន​ប្រាប់​ដល់​អេលី‌សេ​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​បេត-អែល»។ ប៉ុន្តែ អេលី‌សេ​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ចុះ​ទៅ​បេត-អែល។ រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។ លោក​អេលីយ៉ា​បាន​ប្រាប់​គាត់​ថា៖ «អេលី‌សេ​អើយ ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូរ»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ទៅ​ដល់​យេរីខូរ។ ពួក​ហោរា​ដែល​នៅ​ក្រុង​យេរីខូរ​បាន​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។ បន្ទាប់​មក លោក​អេលីយ៉ា​ប្រាប់​គាត់​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ» ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ដើរ​ទៅ​មុខ​ទៀត។

២ ពង្សាវតារក្សត្រ 2:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ខ្យល់​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ​នោះ លោក​អេលីយ៉ា និង​លោក​អេលីសេ​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​បេត‌អែល»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេត‌អែល។ មាន​ព្យាការី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។ មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ​នាំ​គ្នា​មក​ជិត​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

២ ពង្សាវតារក្សត្រ 2:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​មក ក្នុង​គ្រា​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​លើក​អេលីយ៉ា ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច នោះ​អេលីយ៉ា នឹង​អេលី‌សេ ក៏​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា​មួយ​គ្នា ឯ​អេលីយ៉ា លោក​ប្រាប់​ដល់​អេលី‌សេ​ថា ចូរ​ឯង​រង់‌នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​អញ ឲ្យ​ទៅ​ឯ​ក្រុង​បេត-អែល តែ​អេលី‌សេ​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ឯ​បេត-អែល រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូរ គេ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ