២ ពង្សាវតារក្សត្រ 2:1-15
២ ពង្សាវតារក្សត្រ 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាដែលព្រះអម្ចាស់ឲ្យខ្យល់កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខនោះ លោកអេលីយ៉ា និងលោកអេលីសេចាកចេញពីគីលកាល់ទៅជាមួយគ្នា។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ មានព្យាការីមួយក្រុមនៅបេតអែលចេញមកជួបលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះ ព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «អេលីសេអើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។ មានព្យាការីមួយក្រុមនៅក្រុងយេរីខូនាំគ្នាមកជិតលោកអេលីសេ ជម្រាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ លោកអេលីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ មានព្យាការីហាសិបនាក់ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ លោកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។ ពេលនោះ លោកអេលីយ៉ាយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។ កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេលព្រះអម្ចាស់ លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឲ្យវិញ្ញាណដែលស្ថិតនៅលើលោក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំ ក្នុងពេលដែលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសម្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសម្រេចដែរ»។ ក្នុងពេលលោកទាំងពីរដើរបណ្ដើរនិយាយបណ្ដើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីយ៉ាឡើងទៅស្ថានបរមសុខ។ កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីយ៉ាលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ រួចរើសអាវធំរបស់លោកអេលីយ៉ាដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។ លោកអេលីសេយកអាវធំរបស់លោកអេលីយ៉ាវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលីយ៉ាគង់នៅទីណា?»។ ពេលលោកវាយទឹក ទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។ ក្រុមព្យាការីដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូ ពោលឡើងថា៖ «វិញ្ញាណរបស់លោកអេលីយ៉ា មកសណ្ឋិតលើលោកអេលីសេហើយ!»។ ពួកគេទៅជួបលោកអេលីសេ រួចនាំគ្នាក្រាបចុះនៅចំពោះមុខលោក
២ ពង្សាវតារក្សត្រ 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រាដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យលើកលោកអេលីយ៉ាឡើងទៅស្ថានសួគ៌ដោយខ្យល់កួចនោះ លោកអេលីយ៉ា និងអេលីសេបានចេញពីក្រុងគីលកាលទៅជាមួយគ្នា។ លោកអេលីយ៉ាបានប្រាប់ដល់អេលីសេថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងបេត-អែល»។ ប៉ុន្តែ អេលីសេប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលរស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ចុះទៅបេត-អែល។ រីឯពួកហោរា ដែលនៅក្រុងបេត-អែលបានចេញមកសួរអេលីសេថា៖ «តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូរបស់លោកចេញពីមុខលោកឬទេ?» គាត់ឆ្លើយថា៖ «ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀម»។ លោកអេលីយ៉ាបានប្រាប់គាត់ថា៖ «អេលីសេអើយ ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងយេរីខូរ»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ទៅដល់យេរីខូរ។ ពួកហោរាដែលនៅក្រុងយេរីខូរបានមកសួរអេលីសេថា៖ «តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូរបស់លោកចេញពីមុខលោកឬទេ?» គាត់ឆ្លើយថា៖ «ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀម»។ បន្ទាប់មក លោកអេលីយ៉ាប្រាប់គាត់ថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ» ដូច្នេះ អ្នកទាំងពីរក៏ដើរទៅមុខទៀត។ មានពួកហោរាហាសិបនាក់ដើរតាម ទៅឈរមើលពីចម្ងាយ តែអ្នកទាំងពីរបានឈរនៅមាត់ទន្លេយ័រដាន់។ ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។ ពេលឆ្លងទៅផុតហើយ លោកអេលីយ៉ាបានប្រាប់អេលីសេថា៖ «ចូរអ្នកសូមអ្វីៗដែលចង់ឲ្យខ្ញុំធ្វើសម្រាប់អ្នក មុនពេលដែលព្រះលើកខ្ញុំឡើងទៅ»។ អេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ មួយទ្វេជាពីរដង!»។ លោកមានប្រសាសន៍ថា៖ «អ្នកសូមការយ៉ាងពិបាកណាស់ ប៉ុន្តែ បើអ្នកឃើញខ្ញុំ ក្នុងកាលដែលព្រះលើកខ្ញុំឡើងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញ នោះមិនបានទេ»។ ក្នុងពេលដែលអ្នកទាំងពីរដើរទៅ ហើយនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយលោកអេលីយ៉ាក៏ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច។ អេលីសេបានឃើញ ហើយស្រែកឡើងថា៖ «ឱលោកឪពុក! លោកឪពុកខ្ញុំអើយ! ន៎ុះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែល!»។ លោកមិនបានឃើញលោកអេលីយ៉ាទៀតឡើយ លោកបានចាប់អាវខ្លួនហែកចេញជាពីរ។ រួចរើសយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះចុះមកនោះ វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់ ហើយយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះមកនោះ ទៅវាយទឹក ដោយពោលថា៖ «តើព្រះយេហូវ៉ាជាព្រះរបស់លោកអេលីយ៉ា ព្រះអង្គគង់នៅឯណា?» ពេលបានវាយទឹកហើយ ទឹកក៏បានញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។ ពេលពួកហោរាពីក្រុងយេរីខូរឈរមើលឃើញពីត្រើយម្ខាង គេពោលថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ» ពួកគេបានមកទទួលលោក ហើយក្រាបចុះដល់ដីនៅចំពោះលោក។
២ ពង្សាវតារក្សត្រ 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា នឹងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់នៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងបេត-អែល គេចេញមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោក ពីមុខលោកចេញឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ អេលីយ៉ាក៏ប្រាប់គាត់ថា អេលីសេអើយ សូមរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯក្រុងយេរីខូរ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ទៅដល់យេរីខូរ រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងយេរីខូរ គេមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោកពីមុខលោកទៅឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចំងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់ ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង លោកមានប្រសាសន៍ថា ឯងបានសូមសេចក្ដីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថនឹងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក ក៏រើសយកក្រមារបស់អេលីយ៉ា ដែលជ្រុះចុះមក វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់ ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។ លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូរ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ា បានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក