២ ពង្សាវតារក្សត្រ 2:1-12

២ ពង្សាវតារក្សត្រ 2:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​លើក​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច​នោះ លោក​អេលីយ៉ា និង​អេលី‌សេ​បាន​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា‌មួយ​គ្នា។ លោក​អេលីយ៉ា​បាន​ប្រាប់​ដល់​អេលី‌សេ​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​បេត-អែល»។ ប៉ុន្តែ អេលី‌សេ​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ចុះ​ទៅ​បេត-អែល។ រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។ លោក​អេលីយ៉ា​បាន​ប្រាប់​គាត់​ថា៖ «អេលី‌សេ​អើយ ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូរ»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ទៅ​ដល់​យេរីខូរ។ ពួក​ហោរា​ដែល​នៅ​ក្រុង​យេរីខូរ​បាន​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។ បន្ទាប់​មក លោក​អេលីយ៉ា​ប្រាប់​គាត់​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ» ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ដើរ​ទៅ​មុខ​ទៀត។ មាន​ពួក​ហោរា​ហាសិប​នាក់​ដើរ​តាម ទៅ​ឈរ​មើល​ពី​ចម្ងាយ តែ​អ្នក​ទាំង​ពីរ​បាន​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ លោក​អេលីយ៉ា​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​ពីរ​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក។ ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​សូម​ការ​យ៉ាង​ពិបាក​ណាស់ ប៉ុន្តែ បើ​អ្នក​ឃើញ​ខ្ញុំ ក្នុង​កាល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ នោះ​មិន​បាន​ទេ»។ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។ អេលី‌សេ​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា៖ «ឱ​លោក​ឪពុក! លោក​ឪពុក​ខ្ញុំ​អើយ! ន៎ុះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល!»។ លោក​មិន​បាន​ឃើញ​លោក​អេលីយ៉ា​ទៀត​ឡើយ លោក​បាន​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​ពីរ។

២ ពង្សាវតារក្សត្រ 2:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ខ្យល់​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ​នោះ លោក​អេលីយ៉ា និង​លោក​អេលីសេ​ចាក​ចេញ​ពី​គីល‌កាល់​ទៅ​ជា​មួយ​គ្នា។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​បេត‌អែល»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេត‌អែល។ មាន​ព្យាការី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។ មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ​នាំ​គ្នា​មក​ជិត​លោក​អេលីសេ ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ មាន​ព្យាការី​ហា‌សិប​នាក់​ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។ កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។ ក្នុង​ពេល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ។ កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលីយ៉ា​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក​ជា​ពីរ

២ ពង្សាវតារក្សត្រ 2:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​មក ក្នុង​គ្រា​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​លើក​អេលីយ៉ា ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច នោះ​អេលីយ៉ា នឹង​អេលី‌សេ ក៏​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា​មួយ​គ្នា ឯ​អេលីយ៉ា លោក​ប្រាប់​ដល់​អេលី‌សេ​ថា ចូរ​ឯង​រង់‌នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​អញ ឲ្យ​ទៅ​ឯ​ក្រុង​បេត-អែល តែ​អេលី‌សេ​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ឯ​បេត-អែល រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូរ គេ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ មាន​ពួក​សិស្ស​៥០​នាក់​នៃ​ពួក​ហោរា ក៏​តាម​ទៅ​ឈរ​មើល​ពី​ចំងាយ តែ​អ្នក​ទាំង​២​ក៏​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់ ឯ​អេលីយ៉ា​លោក​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​២​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលី‌សេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សំរាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលី‌សេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្ដី​យ៉ាង​ពិបាក ប៉ុន្តែបើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង នឹង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថនឹង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក