២ ពង្សាវតារក្សត្រ 16:1-20

២ ពង្សាវតារក្សត្រ 16:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទីដប់ប្រាំពីរ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា នោះ​អ័ហាស ជា​បុត្រ​យ៉ូថាម ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។ កាល​អ័ហាស​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ។ នៅ​គ្រា​នោះ ព្រះបាទ​រេស៊ីន ជា​ស្តេចសាសន៍​អារ៉ាម និង​ព្រះបាទ​ពេកា ជា​កូន​របស់​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​ឡើង​មក​ច្បាំង​នឹង​ព្រះបាទ​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម តែ​ពុំ​អាច​យក​ជ័យ​ជម្នះ​លើ​ទ្រង់​បាន​ឡើយ។ នៅ​គ្រា​ស្តេច​សាសន៍​អេដុម បាន​ដណ្ដើម​យក​ក្រុង​អេឡាត​ទៅ​ឲ្យ​សាសន៍​អេដុម ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ចេញ​ពី​ក្រុង​អេឡាត នោះ​ពួក​អេដុម​បាន​ចូល​មក​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ។ ដូច្នេះ អ័ហាស​ចាត់​សារ​ទៅ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ថា «ទូល‌បង្គំ​នេះ​ជា​អ្នក​បម្រើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង»។ អ័ហាស​ក៏​យក​មាស ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ជា​តង្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ឯ​ស្តេច​អាស‌ស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​យក​បាន ហើយ​នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។ ពេល​ព្រះបាទ​អ័ហាស​យាង​ទៅ​ក្រុង​ដាម៉ាស ដើម្បី​ជួប​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ សេ្ដច​ឃើញ​អាស‌នា​មួយ​ដែល​នៅ​ក្រុង​ដាម៉ាស​នោះ រួច​ទ្រង់​ផ្ញើ​គំរូ និង​ទ្រង់‌ទ្រាយ​នៃ​អាស‌នា​នោះ តាម​របៀប​រចនា​គ្រប់​យ៉ាង​ទៅ​សង្ឃ​អ៊ូរី‌យ៉ា។ រួច​សង្ឃ​អ៊ូរី‌យ៉ា ក៏​ស្អាង​អាស‌នា​មួយ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរី‌យ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ព្រះបាទ​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ។ កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាស‌នា​នោះ ដើម្បី​នឹង​ថ្វាយ​តង្វាយ ទ្រង់​ក៏​ដុត​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ច្រួច​តង្វាយ​ច្រូច ហើយ​ប្រោះ​ឈាម​នៃ​តង្វាយ​មេត្រី​ផង។ ឯ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្ដាល​អាស‌នា​ទ្រង់ និង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង​នៃ​អាស‌នា​របស់​ទ្រង់​វិញ។ ព្រះបាទ​អ័ហាស​ក៏​បង្គាប់​សង្ឃ​អ៊ូរី‌យ៉ា​ថា «ត្រូវ​ដុត​តង្វាយ​ដុត​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​តង្វាយ​ដុត​របស់​ស្តេច និង​តង្វាយ​ម្សៅ ហើយ​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាស‌នា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​តង្វាយ​ដុត និង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាស‌នា​លង្ហិន ត្រូវ​ទុក​សម្រាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ»។ សង្ឃ​អ៊ូរី‌យ៉ា​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ការ​បង្គាប់​របស់​ព្រះបាទ​អ័ហាស។ បន្ទាប់​មក ព្រះបាទ​អ័ហាសបាន​កាត់​បន្ទះ​លង្ហិន​ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ចេញ​ពី​លើ​ជើង​ទាំង​នោះ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កម្រាល​ថ្ម​វិញ។ ឯ​ថែវ​ដែល​គេ​បាន​ធ្វើ​នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ សម្រាប់​ថ្ងៃ​សប្ប័ទ និង​ទ្វារ​ខាង​ក្រៅ​របស់​ស្តេច នោះ​ព្រះបាទ​អ័ហាស​ក៏​រើ​ចេញ​ពី ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ស្រុក​អាស‌ស៊ើរ។ ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ហាស​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ​ជា‌មួយ​ពួក​បុព្វបុរស រួច​ហេ‌សេ‌គា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

២ ពង្សាវតារក្សត្រ 16:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូថាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។ កាល​ព្រះ‌បាទ​អហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ម្ភៃ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដូច​ព្រះ‌បាទ​ដាវីឌ​ជា​អយ្យ‌កោ​ឡើយ ប៉ុន្តែ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​នានា​នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ស្ដេច​ហ៊ាន​រហូត​ដល់​យក​បុត្រ​ទៅ​បូជា​យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។ ស្ដេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។ ពេល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ស្ដេច​ស្រុក​អ៊ីស្រា‌អែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ឡោម‌ព័ទ្ធ​ព្រះ‌បាទ​អហាស តែ​មិន​អាច​យក​ជ័យ‌ជម្នះ​បាន​ទេ។ នៅ​គ្រា​ដដែល​នោះ ព្រះ‌បាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន‌ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​អេឡាត រហូត​ដល់​សព្វ​ថ្ងៃ។ ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។ ព្រះ‌បាទ​អហាស​យក​មាស​ប្រាក់​ដែល​មាន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ស្ដេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះ‌បាទ​អហាស។ ស្ដេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះ‌បាទ​រេស៊ីន​ទៀត​ផង។ ព្រះ‌បាទ​អហាស​យាង​ទៅ​គាល់​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នៅ​ក្រុង​ដាម៉ាស។ ស្ដេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្ដេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា។ លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​សង់​អាសនៈ​មួយ តាម​គំរូ​ដែល​ព្រះ‌បាទ​អហាស​ផ្ញើ​ពី​ក្រុង​ដាម៉ាស។ លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​បាន​សង់​អាសនៈ​នេះ​រួច​ជា​ស្រេច មុន​ពេល​ព្រះ‌បាទ​អហាស​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ។ កាល​ស្ដេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ទ្រង់​ក៏​យាង​ឡើង​ទៅ​អាសនៈ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ប្រោះ​ឈាម​របស់​សត្វ ដែល​ស្ដេច​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ផង។ រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ខាង​មុខ​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ ស្ដេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់​យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។ ព្រះ‌បាទ​អហាស​ចេញ​បញ្ជា​ដល់​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្ដេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌រាស្ត្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ ទុក​ឲ្យ​យើង​ចាត់​ចែង​ចុះ»។ លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អហាស។ ព្រះ‌បាទ​អហាស​បាន​កម្ទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។ ព្រះ‌បាទ​អហាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ ដើម្បី​ផ្គាប់​ព្រះ‌ហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះ‌ដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​អហាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​ហេ‌សេគា ជា​បុត្រ ឡើង​ស្នង​រាជ្យ។

២ ពង្សាវតារក្សត្រ 16:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ឆ្នាំ​ទី​១៧ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា នោះ​អ័ហាស ជា​បុត្រ​យ៉ូថាម ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង កាល​អ័ហាស​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ នឹង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ នៅ​គ្រា​នោះ រេស៊ីន ជា​ស្តេច​ស៊ីរី នឹង​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រាអែល បាន​ឡើង​មក​ច្បាំង​នឹង​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម តែ​ពុំ​អាច​នឹង​ឈ្នះ​ទ្រង់​បាន​ទេ នៅ​វេលា​នោះរេស៊ីន ជា​ស្តេច​ស៊ីរី ទ្រង់​ចាប់​យក​ក្រុង​អេឡាត បង្វិល​ឲ្យ​ទៅ​ខាង​ពួក​ស៊ីរី​វិញ ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ពី​ក្រុង​អេឡាត​ចេញ រួច​ពួក​សាសន៍​ស៊ីរី គេ​មក​តាំង​ទី​លំនៅៗ​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ អ័ហាស​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ទី​កឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ថា ទូលបង្គំ​នេះ​ជា​អ្នក​បំរើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះសូម​ទ្រង់​ឡើង​មក​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ស៊ីរី នឹង​ស្តេច​អ៊ីស្រាអែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូលបង្គំ​ផង អ័ហាស​ក៏​យក​មាស​នឹង​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ផ្ញើ​ទៅ​ថ្វាយ​ជា​ដង្វាយ ដល់​ស្តេច​ស្រុក​អាសស៊ើរ ឯ​ស្តេច​អាសស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។ រួច​មក ស្តេច​អ័ហាស​ទ្រង់​យាង​ទៅ​ឯ​ក្រុង​ដាម៉ាស ដើម្បី​ចួប​នឹង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ អ័ហាស​ទ្រង់​ឃើញ​អាសនា​១ ដែល​នៅ​ក្រុង​ដាម៉ាស​នោះ រួច​ទ្រង់​ផ្ញើ​គំរូ នឹង​ទ្រង់‌ទ្រាយ​នៃ​អាសនា​នោះ តាម​របៀប​រចនា​គ្រប់​យ៉ាង​ទៅ​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ រួច​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ ក៏​ស្អាង​អាសនា​១ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរីយ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ស្តេច​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាសនា​នោះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ ទ្រង់​ក៏​ដុត​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ នៅ​លើ​អាសនា​នោះ ព្រម​ទាំង​ច្រួច​ដង្វាយ​ច្រួច ហើយ​ប្រោះ​ឈាម​នៃ​ដង្វាយ​មេត្រី​ផង ឯ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្តាល​អាសនា​ទ្រង់ ហើយ​នឹង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង នៃ​អាសនា​របស់​ទ្រង់​វិញ ស្តេច​អ័ហាស​ក៏​បង្គាប់​ដល់​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ​ថា ត្រូវ​ដុត​ដង្វាយ​ដុត​ពេល​ព្រឹក នឹង​ដង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ដុត​របស់​ស្តេច នឹង​ដង្វាយ​ម្សៅ​ទ្រង់ ហើយ​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាសនា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​ដង្វាយ​ដុត នឹង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាសនា​លង្ហិន​នោះ ត្រូវ​ទុក​សំរាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ អ៊ូរីយ៉ា​ជា​សង្ឃ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​បង្គាប់​របស់​ស្តេច​អ័ហាស។ ស្តេច​អ័ហាស​ទ្រង់​កាត់​បន្ទះ​លង្ហិន ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ពី​លើ​ជើង​ទាំង​នោះ​ចេញ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កំរាល​ថ្ម​វិញ ឯ​បាំង‌សាច​ដែល​គេ​បាន​ធ្វើ​នៅ​ឯ​ព្រះ‌វិហារ សំរាប់​ថ្ងៃ​ឈប់​សំរាក នឹង​ទ្វារ​នៃ​ស្តេច​ខាង​ក្រៅ នោះ​ទ្រង់​ក៏​រើ​ចេញ ដោយ​ព្រោះ​ស្តេច​ស្រុក​អាសស៊ើរ រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាស ជា​ការ​ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ