២ ពង្សាវ‌តារ‌ក្សត្រ 16:1-20

២ ពង្សាវ‌តារ‌ក្សត្រ 16:1-20 គកស១៦

នៅ​ឆ្នាំ​ទីដប់ប្រាំពីរ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា នោះ​អ័ហាស ជា​បុត្រ​យ៉ូថាម ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។ កាល​អ័ហាស​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ។ នៅ​គ្រា​នោះ ព្រះបាទ​រេស៊ីន ជា​ស្តេចសាសន៍​អារ៉ាម និង​ព្រះបាទ​ពេកា ជា​កូន​របស់​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រា‌អែល បាន​ឡើង​មក​ច្បាំង​នឹង​ព្រះបាទ​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម តែ​ពុំ​អាច​យក​ជ័យ​ជម្នះ​លើ​ទ្រង់​បាន​ឡើយ។ នៅ​គ្រា​ស្តេច​សាសន៍​អេដុម បាន​ដណ្ដើម​យក​ក្រុង​អេឡាត​ទៅ​ឲ្យ​សាសន៍​អេដុម ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ចេញ​ពី​ក្រុង​អេឡាត នោះ​ពួក​អេដុម​បាន​ចូល​មក​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ។ ដូច្នេះ អ័ហាស​ចាត់​សារ​ទៅ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ថា «ទូល‌បង្គំ​នេះ​ជា​អ្នក​បម្រើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង»។ អ័ហាស​ក៏​យក​មាស ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ជា​តង្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ឯ​ស្តេច​អាស‌ស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​យក​បាន ហើយ​នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។ ពេល​ព្រះបាទ​អ័ហាស​យាង​ទៅ​ក្រុង​ដាម៉ាស ដើម្បី​ជួប​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ សេ្ដច​ឃើញ​អាស‌នា​មួយ​ដែល​នៅ​ក្រុង​ដាម៉ាស​នោះ រួច​ទ្រង់​ផ្ញើ​គំរូ និង​ទ្រង់‌ទ្រាយ​នៃ​អាស‌នា​នោះ តាម​របៀប​រចនា​គ្រប់​យ៉ាង​ទៅ​សង្ឃ​អ៊ូរី‌យ៉ា។ រួច​សង្ឃ​អ៊ូរី‌យ៉ា ក៏​ស្អាង​អាស‌នា​មួយ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរី‌យ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ព្រះបាទ​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ។ កាល​ស្តេច​បាន​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ទ្រង់​យាង​ទៅ​ឯ​អាស‌នា​នោះ ដើម្បី​នឹង​ថ្វាយ​តង្វាយ ទ្រង់​ក៏​ដុត​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នៅ​លើ​អាស‌នា​នោះ ព្រម​ទាំង​ច្រួច​តង្វាយ​ច្រូច ហើយ​ប្រោះ​ឈាម​នៃ​តង្វាយ​មេត្រី​ផង។ ឯ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្ដាល​អាស‌នា​ទ្រង់ និង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង​នៃ​អាស‌នា​របស់​ទ្រង់​វិញ។ ព្រះបាទ​អ័ហាស​ក៏​បង្គាប់​សង្ឃ​អ៊ូរី‌យ៉ា​ថា «ត្រូវ​ដុត​តង្វាយ​ដុត​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​តង្វាយ​ដុត​របស់​ស្តេច និង​តង្វាយ​ម្សៅ ហើយ​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាស‌នា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​តង្វាយ​ដុត និង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាស‌នា​លង្ហិន ត្រូវ​ទុក​សម្រាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ»។ សង្ឃ​អ៊ូរី‌យ៉ា​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ការ​បង្គាប់​របស់​ព្រះបាទ​អ័ហាស។ បន្ទាប់​មក ព្រះបាទ​អ័ហាសបាន​កាត់​បន្ទះ​លង្ហិន​ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ចេញ​ពី​លើ​ជើង​ទាំង​នោះ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កម្រាល​ថ្ម​វិញ។ ឯ​ថែវ​ដែល​គេ​បាន​ធ្វើ​នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ សម្រាប់​ថ្ងៃ​សប្ប័ទ និង​ទ្វារ​ខាង​ក្រៅ​របស់​ស្តេច នោះ​ព្រះបាទ​អ័ហាស​ក៏​រើ​ចេញ​ពី ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ស្រុក​អាស‌ស៊ើរ។ ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ហាស​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ​ជា‌មួយ​ពួក​បុព្វបុរស រួច​ហេ‌សេ‌គា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។