២ កូរិនថូស 9:1-5

២ កូរិនថូស 9:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។ ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​នោះ​មក ដើម្បី​កុំ​ឲ្យ​អំនួត​ដែល​យើង​អួត​ពី​អ្នក​រាល់​គ្នា ត្រង់​ចំណុច​នេះ ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប​ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មែន តែ​ប្រសិន‌បើ​មាន​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ខ្លះ​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​បាន​រៀប​ចំ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​យើង​ក៏​នឹង​ត្រូវ​អា​ម៉ាស់​ដែរ ដ្បិត​យើង​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ជំរុញ​ឲ្យ​ពួក​បង‌ប្អូន​ធ្វើ​ដំណើរ​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​រៀប​ចំ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នេះ​ឲ្យ​បាន​រួច​រាល់ ហើយ​បង្ហាញ​ថា នោះ​ជា​អំណោយ​ស្ម័គ្រ​ពី​ចិត្ត​មែន មិន​មែន​ដោយ​បង្ខំ។

ចែក​រំលែក
អាន ២ កូរិនថូស 9

២ កូរិនថូស 9:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធ នោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បងប្អូន​ទេ ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បងប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេ‌ដូន​ថា «បងប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ត​ស្ទុះ‌ស្ទា​ឡើង។ ខ្ញុំ​បាន​ចាត់​ពួក​បងប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បងប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។ ប្រសិន​បើ​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បងប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អាម៉ាស់​មុខ បងប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បងប្អូន​ខ្លាំង​ពេក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បងប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បងប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បងប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។

ចែក​រំលែក
អាន ២ កូរិនថូស 9

២ កូរិនថូស 9:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ត្រង់​ការ​ជំនួយ​ជួយ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ដល់​ពួក​ស្រុក​ម៉ាសេដូន ពី​អ្នក​រាល់​គ្នា​ខាង​ឯ​ដំណើរ​នោះ​ដែរ​ថា ពួក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​តែ​ពី​ឆ្នាំ​មុន​មក ហើយ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ ក្រែង​មាន​ពួក​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​នឹង​ខ្ញុំ​វេលា​ណា មិន​ឃើញ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ទេ នោះ​មិន​ចាំ​ថា​តែ​អ្នក​រាល់​គ្នា​នឹង​ខ្មាស​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​ក៏​នឹង​ខ្មាស​ពី​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ដូច្នេះ ខ្ញុំ​បាន​រាប់​ថា គួរ​នឹង​ទូន្មាន​ពួក​បង​ប្អូន​នោះ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​នឹង​បំពេញ​គុណ​អ្នក​រាល់​គ្នា​នោះ ឲ្យ​បាន​ហើយ​ជា​មុន ដូច​ជា​បាន​ប្រាប់​តាំង​ពី​មុន​មក​ដែរ ប្រយោជន៍​ឲ្យ​បាន​រាប់​ជា​គុណ​នៃ​អ្នក​រាល់​គ្នា​ពិត មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បោក​យក​ទេ។

ចែក​រំលែក
អាន ២ កូរិនថូស 9