២ កូរិនថូស 8:7-24
២ កូរិនថូស 8:7-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អ្នករាល់គ្នាបានចម្រើនឡើងក្នុងគ្រប់វិស័យទាំងអស់ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង សេចក្តីខ្នះខ្នែងគ្រប់យ៉ាង និងក្នុងសេចក្តីស្រឡាញ់របស់យើងដល់អ្នករាល់គ្នាជាយ៉ាងណា នោះយើងក៏ចង់ឲ្យអ្នករាល់គ្នាចម្រើនឡើង ក្នុងការប្រមូលជំនួយនេះដូច្នោះដែរ។ ខ្ញុំនិយាយដូច្នេះ មិនមែនជាពាក្យបញ្ជាទេ គឺខ្ញុំចង់ពិសោធមើលសេចក្ដីពិតត្រង់អំពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ដោយនិយាយពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ។ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។ ក្នុងរឿងនេះ ខ្ញុំសូមជូនយោបល់ថា គួរគប្បីឲ្យអ្នករាល់គ្នា បង្ហើយកិច្ចការដែលបានចាប់ផ្តើមធ្វើតាំងពីឆ្នាំមុនមកនោះ មិនគ្រាន់តែធ្វើប៉ុណ្ណោះ គឺថែមទាំងបានផ្ដើមគំនិតទៀតផង ដូច្នេះ ចូរបង្ហើយការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបធ្វើមកហើយនោះដែរ។ ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។ នេះមិនមែនជួយឲ្យអ្នកដទៃធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនានោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាសព្វថ្ងៃ បានបំពេញសេចក្ដីខ្វះខាតរបស់គេ ហើយកាលណាគេមានបរិបូរ នោះគេអាចនឹងបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នាវិញ។ ធ្វើដូច្នោះទើបស្មើគ្នា ដូចមានសេចក្តីចែងទុកមកថា៖ «អ្នកណាដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនបានខ្វះខាតអ្វីដែរ» ។ អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តលោកទីតុស ឲ្យមានចិត្តខ្នះខ្នែងចំពោះអ្នករាល់គ្នា ដូចខ្ញុំដែរ។ ដ្បិតគាត់មិនត្រឹមតែទទួលតាមសំណូមពររបស់យើងប៉ុណ្ណោះ តែលើសជាងនេះ គាត់មានចិត្តខ្នះខ្នែង ដោយស្ម័គ្រចិត្តមករកអ្នករាល់គ្នាដោយខ្លួនឯង។ យើងបានចាត់បងប្អូនម្នាក់ ដែលក្រុមជំនុំទាំងអស់កោតសរសើរក្នុងការប្រកាសដំណឹងល្អ ឲ្យមកជាមួយគាត់ ហើយមិនតែប៉ុណ្ណោះ ក្រុមជំនុំបានរើសអ្នកនោះឲ្យរួមដំណើរជាមួយយើង ក្នុងការប្រមូលជំនួយដែលយើងកំពុងចាត់ចែងនេះ ដើម្បីសិរីល្អរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីឆន្ទៈល្អរបស់យើង។ យើងខំចៀសវាងមិនឲ្យអ្នកណាម្នាក់បន្ទោសយើង ពីជំនួយដ៏បរិបូរដែលយើងកំពុងចាត់ចែងនេះឡើយ ដ្បិតយើងចង់ធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះ គឺនៅចំពោះមនុស្សដែរ។ យើងបានចាត់បងប្អូនម្នាក់ទៀត ឲ្យទៅជាមួយគេ ជាអ្នកដែលយើងបានល្បងលជាញឹកញាប់ ហើយឃើញថាមានចិត្តខ្នះខ្នែងក្នុងការជាច្រើន ឥឡូវនេះ គាត់កាន់តែមានចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តអ្នករាល់គ្នាជាខ្លាំង។ រីឯលោកទីតុស គាត់ជាអ្នករួមការងារជាមួយខ្ញុំ ដើម្បីបម្រើអ្នករាល់គ្នា ហើយពួកបងប្អូនរបស់យើងផ្សេងទៀត គេជាអ្នកនាំពាក្យរបស់ក្រុមជំនុំ និងជាសិរីល្អរបស់ព្រះគ្រីស្ទ។ ដូច្នេះ ចូរបង្ហាញភស្តុតាងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា និងពីសេចក្ដីដែលយើងបានអួតពីអ្នករាល់គ្នាចុះ ដើម្បីឲ្យក្រុមជំនុំទាំងអស់បានឃើញ។
២ កូរិនថូស 8:7-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។ ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្តស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។ ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។ កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។ ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា ដូចមានសេចក្ដីចែងទុកមកថា: «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួច ក៏មិនខ្វះខាតអ្វីដែរ» ។ សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្តខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។ យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ គឺបងប្អូនម្នាក់ដែលក្រុមជំនុំ*ទាំងអស់កោតសរសើរ ក្នុងការផ្សព្វផ្សាយដំណឹងល្អ*។ មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសម្តែងឆន្ទៈល្អរបស់យើងដែរ។ យើងចង់ចៀសវាងមិនឲ្យគេរិះគន់យើង អំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដ៏ច្រើននេះឡើយ ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។ យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្តគាត់ជាច្រើនលើកច្រើនសា ហើយឃើញថា គាត់ពិតជាមានចិត្តខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តបងប្អូនខ្លាំងណាស់។ ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀតជាតំណាងរបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ត។ ដូច្នេះ សូមបងប្អូនសម្តែងឲ្យក្រុមជំនុំនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និងឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។
២ កូរិនថូស 8:7-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចំរើនក្នុងគ្រប់សេចក្ដីឯទៀត គឺក្នុងសេចក្ដីជំនឿ ពាក្យសំដី ចំណេះ សេចក្ដីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ ខ្ញុំនិយាយដូច្នេះ មិនមែនជាពាក្យបង្គាប់ទេ គឺចង់តែយកសេចក្ដីឧស្សាហ៍របស់គេ មកល្បងលមើលចំពោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា តើពិតត្រង់ឬទេប៉ុណ្ណោះ ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្ដីកម្ររបស់ទ្រង់ ខ្ញុំសំដែងគំនិតខ្ញុំក្នុងការនេះដែរ ដ្បិតនោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្តើមធ្វើតែប៉ុណ្ណោះ គឺមានទាំងចិត្តប្រាថ្នាចង់ធ្វើ តាំងតែពីឆ្នាំមុនមកហើយផង ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមាន ដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង ដូចជាសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ»។ អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តទីតុស ឲ្យមានសេចក្ដីឧស្សាហ៍នោះ ដល់អ្នករាល់គ្នាដែរ គាត់បានទទួលសេចក្ដីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្ដីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ ហើយយើងខ្ញុំបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយដែរ អ្នកនោះក៏មានល្បីឈ្មោះក្នុងដំណឹងល្អ នៅគ្រប់ទាំងពួកជំនុំ មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា ព្រមទាំងខំចៀសវាង មិនឲ្យគេបន្ទោសយើងខ្ញុំ ពីដំណើរទានដ៏បរិបូរនេះ ដែលយើងខ្ញុំទទួលរ៉ាប់រងឡើយ ដ្បិតយើងខ្ញុំខំធ្វើការល្អ មិនមែននៅចំពោះព្រះអម្ចាស់តែប៉ុណ្ណោះ គឺនៅចំពោះមនុស្សលោកដែរ យើងខ្ញុំក៏ចាត់បងប្អូនម្នាក់ ឲ្យទៅជាមួយនឹងគេ ជាអ្នកដែលយើងខ្ញុំបានលមើលជាញឹកញយ ហើយក៏ឃើញថា មានសេចក្ដីឧស្សាហ៍ក្នុងការជាច្រើន ហើយឥឡូវនេះ គាត់មានចិត្តឧស្សាហ៍លើសទៅទៀត ដោយទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង រីឯទីតុស គាត់ជាគូកនធ្វើការជាមួយនឹងខ្ញុំ នៅចំពោះអ្នករាល់គ្នា ឯពួកបងប្អូនយើងខ្ញុំឯទៀតនោះ គេជាពួកអ្នកដែលពួកជំនុំទាំងប៉ុន្មាន ចាត់ឲ្យធ្វើការ ហើយជាសិរីល្អនៃព្រះគ្រីស្ទ ដូច្នេះ ចូរសំដែងភស្តុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្ដីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។