២ កូរិនថូស 8

8
ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ចិត្ត​សទ្ធា
1បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ព្រះ‌គុណ ដែល​ព្រះ​បាន​ប្រទាន​ដល់​ក្រុម​ជំនុំ​នានា នៅ​ស្រុក​ម៉ា‌សេ‌ដូន 2ដ្បិត​កាល​កំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នោះ​អំណរ​ជា​បរិបូរ និង​សេចក្តី​កម្សត់​ទុរគត​ក្រៃ​លែង​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លុប​វិញ។ 3ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​ថ្វាយ​តាម​សមត្ថភាព​របស់​គេ ហើយ​លើស​ពី​សមត្ថភាព​របស់​គេ​ទៅ​ទៀត 4ទាំង​អង្វរ​យើង​យ៉ាង​ទទូច សុំ​ឲ្យ​មាន​ឱកាស​ចូល​រួមក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ 5គេ​ធ្វើ​ដូច្នេះ ហួស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ ហើយ​បន្ទាប់​មក ដល់​យើង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ 6ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទូន្មាន​លោក​ទីតុស ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​រួច​មក​ហើយ។ 7ដូច្នេះ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​គ្រប់​វិស័យ​ទាំង‌អស់ គឺ​ទាំង​ក្នុង​ជំនឿ ពាក្យ​សម្ដី ចំណេះ​ដឹង សេចក្តី​ខ្នះខ្នែង​គ្រប់​យ៉ាង និង​ក្នុង​សេចក្តី​ស្រឡាញ់​របស់​យើង​ដល់​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ក៏​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង ក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ដូច្នោះ​ដែរ។
8ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បញ្ជា​ទេ គឺ​ខ្ញុំ​ចង់​ពិសោធ​មើល​សេចក្ដី​ពិត​ត្រង់​អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដោយ​និយាយ​ពី​ការ​ខ្នះខ្នែង​របស់​អ្នក​ឯទៀតៗ​ប៉ុណ្ណោះ។ 9ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។ 10ក្នុង​រឿង​នេះ ខ្ញុំ​សូម​ជូន​យោបល់​ថា គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា បង្ហើយ​កិច្ច‌ការ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​មុន​មក​នោះ មិន​គ្រាន់​តែ​ធ្វើ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង 11ដូច្នេះ ចូរ​បង្ហើយការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ធ្វើ​មក​ហើយ​នោះ​ដែរ។ 12ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។ 13នេះ​មិន​មែន​ជួយ​ឲ្យ​អ្នក​ដទៃ​ធូរ​ស្បើយ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​វេទនា​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ 14ឲ្យ​សេចក្តី​បរិបូរ​របស់​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ បាន​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​គេ ហើយកាល​ណា​គេ​មាន​បរិបូរ នោះ​គេ​អាច​នឹង​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​វិញ។ ធ្វើ​ដូច្នោះ​ទើប​ស្មើ​គ្នា 15ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ណាស់​ណា ឯ​អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​បាន​ខ្វះ​ខាត​អ្វី​ដែរ» ។
ពាក្យ​សរសើរ​ដល់​លោក​ទីតុស
16អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្តលោក​ទីតុស ឲ្យ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ដែរ។ 17ដ្បិត​គាត់​មិន​ត្រឹម​តែ​ទទួល​តាម​សំណូម​ពរ​របស់​យើង​ប៉ុណ្ណោះ តែ​លើស​ជាង​នេះ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង ដោយ​ស្ម័គ្រ​ចិត្ត​មក​រក​អ្នក​រាល់​គ្នា​ដោយ​ខ្លួន​ឯង។ 18យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់ ដែល​ក្រុម​ជំនុំ​ទាំង‌អស់​កោត​សរសើរ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ ឲ្យ​មក​ជា​មួយ​គាត់ 19ហើយ​មិន​តែ​ប៉ុណ្ណោះ ក្រុម​ជំនុំ​បាន​រើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់​ចែង​នេះ ដើម្បី​សិរីល្អ​របស់​ព្រះ‌អម្ចាស់​ផ្ទាល់ និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​យើង។ 20យើង​ខំ​ចៀស​វាង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​បន្ទោស​យើង ពី​ជំនួយ​ដ៏​បរិបូរ​ដែល​យើង​កំពុង​ចាត់​ចែង​នេះ​ឡើយ 21ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​មែន​តែ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​ដែរ។ 22យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ទៀត ឲ្យ​ទៅ​ជា​មួយ​គេ ជា​អ្នក​ដែល​យើង​បាន​ល្បង‌ល​ជា​ញឹក‌ញាប់ ហើយ​ឃើញ​ថា​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ជា​ច្រើន ឥឡូវ​នេះ គាត់​កាន់​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ 23រីឯលោក​ទីតុស គាត់​ជា​អ្នក​រួមការ​ងារ​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​អ្នក​រាល់​គ្នា ហើយ​ពួក​បង‌ប្អូន​របស់​យើង​ផ្សេង​ទៀត គេ​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ជំនុំ និង​ជា​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ។ 24ដូច្នេះ ចូរ​បង្ហាញ​ភស្តុតាង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា និង​ពី​សេចក្ដី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យក្រុម​ជំនុំ​ទាំង‌អស់​បាន​ឃើញ។

ទើបបានជ្រើសរើសហើយ៖

២ កូរិនថូស 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល