២ កូរិនថូស 8:1-6
២ កូរិនថូស 8:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងពីព្រះគុណ ដែលព្រះបានប្រទានដល់ក្រុមជំនុំនានា នៅស្រុកម៉ាសេដូន ដ្បិតកាលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង នោះអំណរជាបរិបូរ និងសេចក្តីកម្សត់ទុរគតក្រៃលែងរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលុបវិញ។ ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តថ្វាយតាមសមត្ថភាពរបស់គេ ហើយលើសពីសមត្ថភាពរបស់គេទៅទៀត ទាំងអង្វរយើងយ៉ាងទទូច សុំឲ្យមានឱកាសចូលរួមក្នុងការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ គេធ្វើដូច្នេះ ហួសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេបានថ្វាយខ្លួនទៅព្រះអម្ចាស់ ហើយបន្ទាប់មក ដល់យើង តាមព្រះហឫទ័យរបស់ព្រះ ហេតុនេះហើយបានជាយើងទូន្មានលោកទីតុស ឲ្យបង្ហើយការប្រមូលជំនួយនេះ ក្នុងចំណោមអ្នករាល់គ្នា ដូចដែលគាត់បានចាប់ផ្តើមធ្វើរួចមកហើយ។
២ កូរិនថូស 8:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលុបដែរ។ បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។ ពួកគេបានទទូចសុំយើងមេត្តាអនុញ្ញាត ឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។ គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។
២ កូរិនថូស 8:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ នឹងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ