២ កូរិនថូស 6:1-10
២ កូរិនថូស 6:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក »។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!។ យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ គេវាយដំយើង គេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដោយមានចិត្តបរិសុទ្ធ* ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត*ធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។ គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។ គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
២ កូរិនថូស 6:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។ ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានស្តាប់អ្នក នៅវេលាដែលយើងគាប់ចិត្ត ហើយយើងបានជួយអ្នក នៅថ្ងៃដែលយើងសង្គ្រោះ »។ មើល៍ វេលាដែលព្រះគាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ! យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះ ដោយការទ្រាំទ្រជាច្រើន ក្នុងសេចក្ដីទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ ការវាយដំ ដាក់គុក កើតវឹកវរ ធ្វើការធ្ងន់ អត់ងងុយ អត់អាហារ ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា ដោយព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្តារបស់ព្រះ ព្រមទាំងកាន់អាវុធនៃសេចក្ដីសុចរិតជាប់នឹងដៃ ទាំងស្តាំទាំងឆ្វេង ទាំងមានគេគោរព មានគេបន្ទាបបន្ថោក ទាំងមានគេនិយាយអាក្រក់ មានគេនិយាយល្អ។ គេចាត់ទុកយើងដូចជាមនុស្សបោកប្រាស់ តែយើងទៀងត្រង់។ ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។ ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
២ កូរិនថូស 6:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះ បានជាយើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះ ដោយបែបឥតប្រយោជន៍ឡើយ ដ្បិតទ្រង់មានបន្ទូលថា «នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង» មើល ឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្តាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់ កាលគេវាយ ដាក់គុក កើតវឹកវរ ក្នុងការនឿយហត់ ចាំយាម តមអត់ ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ស្មោះត្រង់ ដោយសារព្រះបន្ទូលដ៏ពិត ដោយព្រះចេស្តានៃព្រះ ដោយកាន់គ្រឿងសស្ត្រាវុធសុចរិត ទាំងស្តាំទាំងឆ្វេង ដោយមានកេរ្តិ៍ឈ្មោះ ហើយត្រូវអាប់ឱន ដោយគេនិយាយអាក្រក់ ឬល្អក្តី ទុកដូចជាមនុស្សកំភូត តែពិតត្រង់ទេ ដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំ តែមនុស្សទាំងអស់បានស្គាល់វិញ ដូចជាហៀបនឹងស្លាប់ តែមើល យើងខ្ញុំរស់ទេ ដូចជាត្រូវវាយផ្ចាល តែមិនបានដល់ស្លាប់ទេ ដូចជាមានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចំរើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។