២ កូរិនថូស 6:1-10

២ កូរិនថូស 6:1-10 គកស១៦

ដោយ​យើង​ធ្វើ​ការ​ជា​មួយ​ព្រះ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ជា​អសា​ឥត​ការ​ឡើយ។ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​បាន​ស្តាប់​អ្នក នៅ​វេលា​ដែល​យើង​គាប់​ចិត្ត ហើយ​យើង​បាន​ជួយ​អ្នក នៅ​ថ្ងៃ​ដែល​យើង​សង្គ្រោះ »។ មើល៍ វេលា​ដែល​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ គឺ​ឥឡូវ​នេះ​ហើយ! មើល៍ ថ្ងៃ​ដែល​ព្រះ‌សង្គ្រោះ គឺ​ឥឡូវ​នេះ​ហើយ! យើង​មិន​បង្អាក់​បង្អន់​ចិត្ត​អ្នក​ណា​ម្នាក់​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ចាប់​កំហុសមុខងារ​បម្រើ​របស់​យើង ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​សេចក្ដី​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់ ការ​វាយ​ដំ ដាក់​គុក កើត​វឹក‌វរ ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ឥត​ពុត​មា​យា ដោយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត និង​ព្រះ‌ចេស្តា​របស់​ព្រះ ព្រម​ទាំង​កាន់​អាវុធ​នៃ​សេចក្ដី​សុចរិត​ជាប់​នឹង​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង ទាំង​មាន​គេ​គោរព មាន​គេ​បន្ទាប​បន្ថោក ទាំង​មាន​គេ​និយាយ​អាក្រក់ មាន​គេ​និយាយ​ល្អ។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​បោក​ប្រាស់ តែ​យើង​ទៀង​ត្រង់។ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​យ៉ាង​ច្បាស់ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល៍ យើង​មាន​ជីវិត ដូច​ជា​ត្រូវ​គេ​ធ្វើ​ទោស តែ​មិន​ដល់​ស្លាប់​ទេ។ ដូច​ជា​មាន​ទុក្ខ​ព្រួយ តែ​សប្បាយ​ជា‌និច្ច ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​មាន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។

អាន ២ កូរិនថូស 6