២ កូរិនថូស 5:11-21

២ កូរិនថូស 5:11-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយ​ស្គាល់​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ នោះ​យើង​ខំ​ប្រឹង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​ខ្លួន​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មន​សិការ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​មិន​សរ​សើរ​ខ្លួន​ឯង​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​យើង​ទុក​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​អួត​ពី​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​តប​ឆ្លើយ​នឹង​អស់​អ្នក​ដែល​អួត​ពី​សម្បក​ក្រៅ មិន​មែន​ពី​ក្នុង​ចិត្ត។ ដ្បិត​ប្រសិន‌បើ​យើង​វង្វេង​ស្មារតី នោះ​យើង​វង្វេង​សម្រាប់​ព្រះ ហើយ​ប្រសិន‌បើ​យើង​មាន​គំនិត​ត្រឹម​ត្រូវ នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា។ ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង ព្រោះ​យើង​ជឿ​ច្បាស់​ថា បើ​មនុស្សម្នាក់​បាន​ស្លាប់​ជំនួសមនុស្ស​ទាំង​អស់ នោះ​ឈ្មោះ​ថា មនុស្ស​ទាំង​អស់​បាន​ស្លាប់​ហើយ។ ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។ ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ! គ្រប់​ទាំង​អស់​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ​វិញ តាម​រយៈ​ព្រះ‌គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ​មក​យើង គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។ ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។

ចែក​រំលែក
អាន ២ កូរិនថូស 5

២ កូរិនថូស 5:11-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បងប្អូន បងប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។ យើង​មិន​តែង‌តាំង​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​បងប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បងប្អូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បងប្អូន​អាច​ឆ្លើយ​តប​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។ ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី ព្រោះ​តែ​ព្រះ‌ជាម្ចាស់ ហើយ​ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ ព្រោះ​តែ​បងប្អូន ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ ព្រះអង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត​លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រិស្ត​កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​របៀប​មុន​ទៀត​ឡើយ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។ នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រិស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់​តឿន​បងប្អូន​តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រិស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។ ព្រះ‌គ្រិស្ត​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត*​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 5

២ កូរិនថូស 5:11-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ផ្ទុក‌ផ្តាក់​ខ្លួន​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត​ទេ គឺ​យើង​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស​នឹង​អួត​ពី​យើង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​តប​ឆ្លើយ ដល់​អស់​អ្នក​ដែល​អួត​តែ​ពី​ចរិត​ខាង​ក្រៅ មិន​មែន​ពី​សណ្ឋាន​ក្នុង​ចិត្ត​នោះ​ទេ ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​វង្វេង​ស្មារតី​ក្តី នោះ​គឺ​វង្វេង​សំរាប់​ព្រះ‌អង្គ ឬ​បើ​មាន​គំនិត​នឹង‌ធឹង​ក្តី ក៏​សំរាប់​អ្នក​រាល់​គ្នា​វិញ ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ‌អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ‌គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​នឹង​ព្រះ‌អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ គឺ​ពី​ដំណើរ​ដែល​ព្រះ‌ទ្រង់​គង់​ក្នុង​ព្រះ‌គ្រីស្ទ កំពុង​ផ្សះ‌ផ្សា​លោកីយ​នឹង​ព្រះ‌អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ‌បន្ទូល ពី​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង​ខ្ញុំ។ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ‌ទ្រង់​អង្វរ​ដោយ‌សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។

ចែក​រំលែក
អាន ២ កូរិនថូស 5