២ កូរិនថូស 5:11-21

២ កូរិនថូស 5:11-21 គកស១៦

ដូច្នេះ ដោយ​ស្គាល់​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ នោះ​យើង​ខំ​ប្រឹង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​ខ្លួន​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មន​សិការ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​មិន​សរ​សើរ​ខ្លួន​ឯង​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​យើង​ទុក​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​អួត​ពី​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​តប​ឆ្លើយ​នឹង​អស់​អ្នក​ដែល​អួត​ពី​សម្បក​ក្រៅ មិន​មែន​ពី​ក្នុង​ចិត្ត។ ដ្បិត​ប្រសិន‌បើ​យើង​វង្វេង​ស្មារតី នោះ​យើង​វង្វេង​សម្រាប់​ព្រះ ហើយ​ប្រសិន‌បើ​យើង​មាន​គំនិត​ត្រឹម​ត្រូវ នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា។ ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង ព្រោះ​យើង​ជឿ​ច្បាស់​ថា បើ​មនុស្សម្នាក់​បាន​ស្លាប់​ជំនួសមនុស្ស​ទាំង​អស់ នោះ​ឈ្មោះ​ថា មនុស្ស​ទាំង​អស់​បាន​ស្លាប់​ហើយ។ ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។ ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ! គ្រប់​ទាំង​អស់​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ​វិញ តាម​រយៈ​ព្រះ‌គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ​មក​យើង គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។ ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។

អាន ២ កូរិនថូស 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 5:11-21