២ កូរិនថូស 4:7-14
២ កូរិនថូស 4:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថា ព្រះចេស្ដាដ៏លើសលុបនេះជារបស់ព្រះ មិនមែនជារបស់យើងទេ។ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ យើងផ្ទុកសេចក្តីសុគតរបស់ព្រះយេស៊ូវនៅក្នុងរូបកាយជានិច្ច ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបកាយរបស់យើងដែរ។ ដ្បិតយើងដែលរស់នៅ នោះយើងប្រគល់ដល់សេចក្តីស្លាប់ជានិច្ច ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មរបស់ព្រះយេស៊ូវបានសម្ដែងមកក្នុងរូបសាច់របស់យើង ដែលតែងតែស្លាប់នេះ។ ដូច្នេះហើយបានជាសេចក្តីស្លាប់កំពុងធ្វើការនៅក្នុងយើង តែជីវិតកំពុងធ្វើការនៅក្នុងអ្នករាល់គ្នាវិញ។ ដោយយើងមានវិញ្ញាណនៃជំនឿដូចគ្នា ស្របតាមសេចក្តីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងក៏ជឿដែរ បានជាយើងនិយាយ ដោយដឹងថា ព្រះអង្គដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញជាមួយព្រះយេស៊ូវដែរ ហើយនាំយើងចូលចំពោះព្រះអង្គជាមួយអ្នករាល់គ្នាទៀតផង។
២ កូរិនថូស 4:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងមានមុខងារដ៏ប្រសើរ នេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់ របស់ព្រះយេស៊ូជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង ដែលតែងតែស្លាប់។ ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។
២ កូរិនថូស 4:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ យើងខ្ញុំផ្ទុកសេចក្ដីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបកាយយើងខ្ញុំដែរ ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្ដីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសំដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ ហេតុនោះបានជាសេចក្ដីស្លាប់កំពុងតែចំរើនឡើងក្នុងយើងខ្ញុំ តែជីវិតចំរើនក្នុងអ្នករាល់គ្នាវិញ ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្ដីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងខ្ញុំក៏ជឿដែរ បានជាយើងខ្ញុំនិយាយ ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនឹងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ