២ កូរិនថូស 3:1-18

២ កូរិនថូស 3:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​យើង​ចាប់​ផ្ដើម​សរ‌សើរ​ខ្លួន​ឯង​ទៀត​ហើយ​ឬ? ឬ​មួយ​យើង​ត្រូវ​ធ្វើ​សំបុត្រ​ណែ​នាំ​ខ្លួន​ជូន​អ្នក​រាល់​គ្នា ឬ​សុំ​ពី​អ្នក​រាល់​គ្នា ដូច​អ្នក​ខ្លះ​ត្រូវ​ការ? អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​សំបុត្រ​របស់​យើង ដែល​កត់​ត្រា​ទុក​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ហើយ​អាន ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ ហើយ​យើង​មាន​សេចក្តី​ទុក​ចិត្ត​ដល់​ព្រះ​បែប​នេះ ដោយ​សារ​ព្រះ‌គ្រីស្ទ។ មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​នៃ​សញ្ញា​ថ្មី មិន​មែន​សរ‌សេរ​ដោយ​អក្សរ គឺ​ដោយ‌ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អក្សរ​នាំ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ប្រទាន​ឲ្យ​មាន​ជីវិត។ ប្រសិន‌បើ​ការ​បម្រើ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​នៅ​លើ​បន្ទះ​ថ្ម មាន​សិរី​ល្អ​ជា​ខ្លាំង រហូត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​លោក ហើយ​ជា​សិរីល្អ​ដែល​សាប​សូន្យ​ទៅ យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​ការ​បម្រើ​ព្រះ‌វិញ្ញាណ​វិញ តើ​នឹង​មាន​សិរី​ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត? ដ្បិត​បើ​ការ​បម្រើរ​ដែល​នាំ​ឲ្យ​មាន​ទោស មាន​សិរី​ល្អ​ទៅ​ហើយ នោះ​ការ​បម្រើ​ដែល​នាំ​ឲ្យ​សុចរិត នឹង​រឹត​តែ​មាន​សិរី​ល្អ​ជា​បរិបូរ លើស​ជាង​ទៅ​ទៀត​មិន​ខាន! តាម​ពិត អ្វី​ដែល​ធ្លាប់​មាន​សិរី​ល្អ​ពី​ដើម ទៅ​ជា​លែង​មាន​សិរី​ល្អ ដោយ​ព្រោះ​សិរីល្អ​ដែល​ប្រសើរ​ជាង​នៅ​ពេល​នេះ ដ្បិត​បើ​អ្វី​ដែល​សាប​សូន្យ​ទៅ បាន​មក​ទាំង​មាន​សិរី​ល្អ​ទៅ​ហើយ នោះ​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ នឹង​រឹត​តែ​មាន​សិរី​ល្អ​លើស​ជាង​ទៅ​ទៀត​មិន​ខាន! ដូច្នេះ ដោយ​យើង​មាន​សេចក្តី​សង្ឃឹម​បែប​នេះ​ហើយ បាន​ជា​យើង​និយាយ​ដោយក្លា‌ហាន មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​កុំ​ឲ្យ​ប្រជា​ជន​អ៊ីស្រា‌អែល សម្លឹង​មើល​ចុង​បញ្ចប់​នៃ​អ្វី​ដែល​កំពុង​តែ​សាប​សូន្យ​ទៅ​នោះ​ឡើយ។ ប៉ុន្ដែ គំនិត​របស់​គេ​រឹង​រូស ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​គ្រប​ដដែល ព្រោះ​មាន​តែ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាប​សូន្យ​ទៅ។ ដរាប​មក​ទល់​ថ្ងៃ​នេះ កាល​ណា​គេ​អាន​គម្ពីរ​លោក​ម៉ូសេ នោះ​មាន​ស្បៃ​មួយ​បាំង​ចិត្ត​របស់​គេ ប៉ុន្ដែ នៅ​ពេល​គេ​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ក៏​ត្រូវ​បាន​ដោះ​ចេញ​ទៅ រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយកន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ កន្លែង​នោះ​មាន​សេរីភាព។ យើង​ទាំង‌អស់​គ្នា ដែល​គ្មាន​ស្បៃ​បាំង​មុខ កំពុង​តែ​រំពឹង​មើល​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​រូប​ឆ្លុះ​នៅ​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី​ល្អ​មួយ ទៅ​សិរី​ល្អ​មួយ ដ្បិត​នេះ​មក​ពី​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯង សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បងប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បងប្អូន​វិញ? បងប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។ បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។ យើង​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​មុត‌មាំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះ‌គ្រិស្ត​នេះ​ហើយ។ យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។ ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ក្រឹត្យ‌វិន័យ*​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​ព្រះ‌វិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។ ក្រឹត្យ‌វិន័យ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរី‌រុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី‌រុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរី‌រុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខងារ​បម្រើ​ក្រឹត្យ‌វិន័យ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នេះ មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មុខងារ​បម្រើ​ព្រះ‌វិញ្ញាណ​វិញ តើ​នឹង​មាន​សិរី‌រុងរឿង​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ប្រសិន​បើ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ទោស មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹង‌រឹត​តែ​មាន​សិរី‌រុងរឿង​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត? ប្រសិន​បើ​យើង​ប្រៀប‌ធៀប​សិរី‌រុងរឿង​ពី​សម័យ​ដើម និង​សិរី‌រុងរឿង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នា​បច្ចុប្បន្ន‌កាល​នេះ យើង​នឹង​ឃើញ​ថា សិរី‌រុងរឿង​ពី​ដើម​ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។ ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ? ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ​ដែរ។ យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិត‌ស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។ ប៉ុន្តែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធ‌មេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។ មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់ ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ» ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌វិញ្ញាណ នៅ​ទី​ណា​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នៅ​ទី​នោះ ក៏​មាន​សេរី‌ភាព​ដែរ។ យើង​ទាំង​អស់​គ្នា​ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរី‌រុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ។

ចែក​រំលែក
អាន ២ កូរិនថូស 3

២ កូរិនថូស 3:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ​ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នោះ​ដល់​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង នឹង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​ខ្ញុំ​អាច​នឹង​ធ្វើ​ជា​អ្នក​បំរើ​នៃ​សញ្ញា​ថ្មី​បាន មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ គឺ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ន័យ​ពាក្យ នោះ​ធ្វើ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ។ ហើយ​បើ​ការ‌ងារ​ខាង​ឯ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម បាន​កើត​មក​ក្នុង​សិរី‌ល្អ ដល់​ម៉្លេះ​បាន​ជា​ជន‌ជាតិ​អ៊ីស្រាអែល មិន​អាច​នឹង​សំឡឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្ដី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ នោះ​ចំណង់​បើ​ការ‌ងារ​ខាង​ឯ​ព្រះ‌វិញ្ញាណ តើ​នឹង​មាន​សិរី‌ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ ដ្បិត​បើ​សិន​ជា​ការ‌ងារ​ខាង​ឯ​សេចក្ដី​កាត់​ទោស មាន​សិរី‌ល្អ​ទៅ​ហើយ នោះ​ការ‌ងារ​ខាង​ឯ​សេចក្ដី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរី‌ល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត ពី​ព្រោះ​ឯ​សេចក្ដី​ដែល​មាន​សិរី‌ល្អ​ពី​ដើម​នោះ បាន​ដូច​ជា​គ្មាន​សិរី‌ល្អ​វិញ ដោយ​ព្រោះ​សិរី‌ល្អ​នេះ​ដែល​លើស​ទៅ​ទៀត ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត ដូច្នេះ ដែល​មាន​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​ក្លាហាន​ណាស់ មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ជន‌ជាតិ​អ៊ីស្រាអែល បាន​សំឡឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្ដី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​តែ​នៅ​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​រដោះ​ចោល​ចេញ រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ នោះ​ក៏​មាន​សេរី‌ភាព​ដែរ ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន ២ កូរិនថូស 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ