២ កូរិនថូស 3

3
អ្នក​បម្រើ​ព្រះ‌ក្នុង​សញ្ញា​ថ្មី
1តើ​យើង​ចាប់​ផ្ដើម​សរ‌សើរ​ខ្លួន​ឯង​ទៀត​ហើយ​ឬ? ឬ​មួយ​យើង​ត្រូវ​ធ្វើ​សំបុត្រ​ណែ​នាំ​ខ្លួន​ជូន​អ្នក​រាល់​គ្នា ឬ​សុំ​ពី​អ្នក​រាល់​គ្នា ដូច​អ្នក​ខ្លះ​ត្រូវ​ការ? 2អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​សំបុត្រ​របស់​យើង ដែល​កត់​ត្រា​ទុក​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ហើយ​អាន 3ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ 4ហើយ​យើង​មាន​សេចក្តី​ទុក​ចិត្ត​ដល់​ព្រះ​បែប​នេះ ដោយ​សារ​ព្រះ‌គ្រីស្ទ។ 5មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ 6ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​នៃ​សញ្ញា​ថ្មី មិន​មែន​សរ‌សេរ​ដោយ​អក្សរ គឺ​ដោយ‌ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អក្សរ​នាំ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ប្រទាន​ឲ្យ​មាន​ជីវិត។
7ប្រសិន‌បើ​ការ​បម្រើ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​នៅ​លើ​បន្ទះ​ថ្ម មាន​សិរី​ល្អ​ជា​ខ្លាំង រហូត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​លោក ហើយ​ជា​សិរីល្អ​ដែល​សាប​សូន្យ​ទៅ យ៉ាង​ហ្នឹង​ទៅ​ហើយ 8ចុះ​ចំណង់​បើ​ការ​បម្រើ​ព្រះ‌វិញ្ញាណ​វិញ តើ​នឹង​មាន​សិរី​ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត? 9ដ្បិត​បើ​ការ​បម្រើរ​ដែល​នាំ​ឲ្យ​មាន​ទោស មាន​សិរី​ល្អ​ទៅ​ហើយ នោះ​ការ​បម្រើ​ដែល​នាំ​ឲ្យ​សុចរិត នឹង​រឹត​តែ​មាន​សិរី​ល្អ​ជា​បរិបូរ លើស​ជាង​ទៅ​ទៀត​មិន​ខាន! 10តាម​ពិត អ្វី​ដែល​ធ្លាប់​មាន​សិរី​ល្អ​ពី​ដើម ទៅ​ជា​លែង​មាន​សិរី​ល្អ ដោយ​ព្រោះ​សិរីល្អ​ដែល​ប្រសើរ​ជាង​នៅ​ពេល​នេះ 11ដ្បិត​បើ​អ្វី​ដែល​សាប​សូន្យ​ទៅ បាន​មក​ទាំង​មាន​សិរី​ល្អ​ទៅ​ហើយ នោះ​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ នឹង​រឹត​តែ​មាន​សិរី​ល្អ​លើស​ជាង​ទៅ​ទៀត​មិន​ខាន!
12ដូច្នេះ ដោយ​យើង​មាន​សេចក្តី​សង្ឃឹម​បែប​នេះ​ហើយ បាន​ជា​យើង​និយាយ​ដោយក្លា‌ហាន 13មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​កុំ​ឲ្យ​ប្រជា​ជន​អ៊ីស្រា‌អែល សម្លឹង​មើល​ចុង​បញ្ចប់​នៃ​អ្វី​ដែល​កំពុង​តែ​សាប​សូន្យ​ទៅ​នោះ​ឡើយ។ 14ប៉ុន្ដែ គំនិត​របស់​គេ​រឹង​រូស ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​គ្រប​ដដែល ព្រោះ​មាន​តែ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាប​សូន្យ​ទៅ។ 15ដរាប​មក​ទល់​ថ្ងៃ​នេះ កាល​ណា​គេ​អាន​គម្ពីរ​លោក​ម៉ូសេ នោះ​មាន​ស្បៃ​មួយ​បាំង​ចិត្ត​របស់​គេ 16ប៉ុន្ដែ នៅ​ពេល​គេ​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ក៏​ត្រូវ​បាន​ដោះ​ចេញ​ទៅ 17រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយកន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ កន្លែង​នោះ​មាន​សេរីភាព។ 18យើង​ទាំង‌អស់​គ្នា ដែល​គ្មាន​ស្បៃ​បាំង​មុខ កំពុង​តែ​រំពឹង​មើល​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​រូប​ឆ្លុះ​នៅ​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី​ល្អ​មួយ ទៅ​សិរី​ល្អ​មួយ ដ្បិត​នេះ​មក​ពី​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ‌វិញ្ញាណ។

ទើបបានជ្រើសរើសហើយ៖

២ កូរិនថូស 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ