២ កូរិនថូស 3:1-11
២ កូរិនថូស 3:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើយើងចាប់ផ្ដើមសរសើរខ្លួនឯងទៀតហើយឬ? ឬមួយយើងត្រូវធ្វើសំបុត្រណែនាំខ្លួនជូនអ្នករាល់គ្នា ឬសុំពីអ្នករាល់គ្នា ដូចអ្នកខ្លះត្រូវការ? អ្នករាល់គ្នាហ្នឹងហើយជាសំបុត្ររបស់យើង ដែលកត់ត្រាទុកក្នុងចិត្តរបស់យើង ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ហើយអាន ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងបានរៀបចំ មិនមែនសរសេរដោយទឹកខ្មៅ តែដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងដួងចិត្តខាងសាច់ឈាមវិញ ហើយយើងមានសេចក្តីទុកចិត្តដល់ព្រះបែបនេះ ដោយសារព្រះគ្រីស្ទ។ មិនមែនថា ខ្លួនយើងផ្ទាល់ យើងមានសមត្ថភាពនឹងចាត់ទុកអ្វីមួយថាចេញពីខ្លួនយើងឡើយ តែសមត្ថភាពរបស់យើងមកពីព្រះ ដែលទ្រង់បានប្រោសឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី មិនមែនសរសេរដោយអក្សរ គឺដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរនាំឲ្យស្លាប់ តែព្រះវិញ្ញាណ ប្រទានឲ្យមានជីវិត។ ប្រសិនបើការបម្រើសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរនៅលើបន្ទះថ្ម មានសិរីល្អជាខ្លាំង រហូតដល់ប្រជាជនអ៊ីស្រាអែល មិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីល្អនៅលើមុខរបស់លោក ហើយជាសិរីល្អដែលសាបសូន្យទៅ យ៉ាងហ្នឹងទៅហើយ ចុះចំណង់បើការបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅទៀត? ដ្បិតបើការបម្រើរដែលនាំឲ្យមានទោស មានសិរីល្អទៅហើយ នោះការបម្រើដែលនាំឲ្យសុចរិត នឹងរឹតតែមានសិរីល្អជាបរិបូរ លើសជាងទៅទៀតមិនខាន! តាមពិត អ្វីដែលធ្លាប់មានសិរីល្អពីដើម ទៅជាលែងមានសិរីល្អ ដោយព្រោះសិរីល្អដែលប្រសើរជាងនៅពេលនេះ ដ្បិតបើអ្វីដែលសាបសូន្យទៅ បានមកទាំងមានសិរីល្អទៅហើយ នោះអ្វីដែលនៅស្ថិតស្ថេរ នឹងរឹតតែមានសិរីល្អលើសជាងទៅទៀតមិនខាន!
២ កូរិនថូស 3:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯង សាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ? បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ត*មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បងប្អូន។ យើងមានសេចក្ដីទុកចិត្តដ៏មុតមាំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រិស្តនេះហើយ។ យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។ ព្រះអង្គក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រី*ថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតក្រឹត្យវិន័យ*ដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។ ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើក្រឹត្យវិន័យដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត? ប្រសិនបើមុខងារដែលធ្វើឲ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមុខងារដែលធ្វើឲ្យមនុស្សបានសុចរិត*វិញ តើនឹងរឹងរឹតតែមានសិរីរុងរឿងប្រសើរលើសលុបយ៉ាងណាទៅទៀត? ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថា សិរីរុងរឿងពីដើមដូចជាមិនរុងរឿងទាល់តែសោះ។ ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទម្រាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?
២ កូរិនថូស 3:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើយើងចាប់តាំងផ្ទុកផ្តាក់ខ្លួនយើងខ្ញុំម្តងទៀតឬអី តើយើងខ្ញុំត្រូវការនឹងសំបុត្រផ្ទុកផ្តាក់ខ្លួនយើងនឹងអ្នករាល់គ្នា ឬត្រូវការនឹងអ្នករាល់គ្នាឲ្យសំបុត្រផ្ទុកផ្តាក់យើងនឹងគេ ដូចជាអ្នកខ្លះត្រូវការឬអី គឺអ្នករាល់គ្នាជាសំបុត្ររបស់យើងខ្ញុំហើយ ទាំងកត់ទុកក្នុងចិត្តយើងខ្ញុំផង ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ ដោយបានសំដែងមកច្បាស់ថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងខ្ញុំបានតែងទុក ដោយការងារយើងខ្ញុំ មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ ហើយយើងមានសេចក្ដីសង្ឃឹមយ៉ាងនោះដល់ព្រះ ដោយសារព្រះគ្រីស្ទ មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង នឹងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ ដែលទ្រង់បានប្រោសឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ។ ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្ម បានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ នោះចំណង់បើការងារខាងឯព្រះវិញ្ញាណ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅ ដ្បិតបើសិនជាការងារខាងឯសេចក្ដីកាត់ទោស មានសិរីល្អទៅហើយ នោះការងារខាងឯសេចក្ដីសុចរិត ប្រាកដជានឹងមានសិរីល្អជាបរិបូរលើសទៅទៀត ពីព្រោះឯសេចក្ដីដែលមានសិរីល្អពីដើមនោះ បានដូចជាគ្មានសិរីល្អវិញ ដោយព្រោះសិរីល្អនេះដែលលើសទៅទៀត ដ្បិតបើសិនជាសេចក្ដីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្ដីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត