២ កូរិនថូស 11:23-28

២ កូរិនថូស 11:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយ‌ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។ ខ្ញុំ​ត្រូវ​ជន‌ជាតិ​យូដា​វាយ​សាម‌សិប​ប្រាំ​បួន​រំពាត់ ​ចំនួន​ប្រាំ​ដង។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ ព្រោះ​តែ​ពួក​បងប្អូន​ក្លែង‌ក្លាយ។ ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុម‌ជំនុំ​ទាំង​អស់​ផង​ដែរ!

២ កូរិនថូស 11:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ឬ? ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ​ថា ខ្ញុំ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​លើស​ជាង​គេ ខ្ញុំ​ជាប់​គុក​ច្រើន​ជាង​គេ ខ្ញុំ​ត្រូវ​រំពាត់​ហួស​ប្រមាណ ហើយ​សឹង​តែ​នឹង​ស្លាប់​ជា​ច្រើន​លើក។ សាសន៍​យូដា​បាន​វាយ​ខ្ញុំ​សែ​សិប​រំពាត់​ខ្វះ​មួយ ចំនួន​ប្រាំ​ដង ។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​បី​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​ម្តង ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់។ ជា​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​ដោយ​សាសន៍​របស់​ខ្ញុំ គ្រោះ​ថ្នាក់​ដោយ​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី​ក្រុង គ្រោះ​ថ្នាក់​ក្នុង​ទី​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ដោយ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​លំបាក ត្រូវ​អត់​ងងុយ​ជា​ញឹក​ញាប់ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​អាហារ​ជា​ញឹក​ញាប់ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ទៀត​ផង។ ក្រៅ​ពី​ការ​ទាំង​នេះ មាន​បន្ទុក​រាល់​ថ្ងៃ​គ្រប​សង្កត់​ខ្ញុំ ដោយ​គិត​ដល់​ក្រុម​ជំនុំ​ទាំង​អស់។

២ កូរិនថូស 11:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ជា​អ្នក​បំរើ​ព្រះ‌គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ‌ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក‌ញយ ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១ គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់ ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ ត្រូវ​នឿយ‌ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក‌ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត