២ កូរិនថូស 11:1-6
២ កូរិនថូស 11:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្តីចម្កួតជាមួយខ្ញុំបន្តិច។ ចូរទ្រាំជាមួយខ្ញុំចុះ! ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។ ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។ ដ្បិតប្រសិនបើមានអ្នកណាម្នាក់ មកប្រកាសអំពីព្រះយេស៊ូវណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬប្រសិនបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយផ្សេង ក្រៅពីព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំទ្របានយ៉ាងស្រួល។ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីអន់ជាងមហាសាវក ទាំងនោះឡើយ។ ដ្បិតទោះបើខ្ញុំមិនប្រសប់ខាងពាក្យសម្ដីក៏ដោយ ក៏ខ្ញុំមិនខ្សត់ខាងចំណេះដឹងនោះដែរ ហើយក្នុងគ្រប់ការទាំងអស់ យើងបានសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូក។
២ កូរិនថូស 11:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមបងប្អូនអត់ឱនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឲ្យខ្ញុំផង! ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ត*។ ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ* ចំពោះព្រះគ្រិស្តយ៉ាងនោះដែរ ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬមួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬក៏ដំណឹងល្អ*ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់ឱនឲ្យគេយ៉ាងស្រួលៗ។ ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហារក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញឲ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងគ្រប់ពេលវេលាស្រាប់ហើយ។
២ កូរិនថូស 11:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើសិនណាជាអ្នករាល់គ្នានឹងទ្រាំទ្រ ចំពោះសេចក្ដីចំកួតរបស់ខ្ញុំបន្តិចទៅអេះ សូមអ្នករាល់គ្នាទ្រាំទ្រនឹងខ្ញុំចុះ ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបំរុងអ្នករាល់គ្នាទុក ឲ្យមានប្ដីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន ខ្ញុំស្មានថា ខ្លួនខ្ញុំមិនចាញ់ពួកសាវកយ៉ាងធំនោះ ក្នុងការអ្វីសោះឡើយ ដ្បិតទោះបើខ្ញុំមិនប៉ិនប៉ាវខាងឯពាក្យសំដីក៏មែន ប៉ុន្តែខ្ញុំមិនមែនខ្សត់ខ្សោយខាងឯចំណេះទេ ហើយក្នុងគ្រប់ការទាំងអស់ យើងខ្ញុំបានសំដែង ឲ្យអ្នករាល់គ្នាស្គាល់ច្បាស់គ្រប់ជំពូកដែរ