២ កូរិនថូស 1:7-11

២ កូរិនថូស 1:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​ជាមួយ​យើង​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​រួម​ចំណែក​ក្នុង​ការ​កម្សាន្ត​ចិត្ត​ជាមួយ​យើង​យ៉ាង​នោះដែរ។ ដ្បិត​បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់ ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​ថា យើង​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កម្លាំង​របស់​យើង​ទៅ​ទៀត រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​នៅ​រស់​ទៀត​ផង។ យើង​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា យើង​ខ្ញុំ​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​នោះ​វិញ។ ព្រះ‌អង្គ​ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ស្លាប់​យ៉ាង​សម្បើម​នោះ ទ្រង់​នឹង​នៅ​តែ​រំដោះ​យើង​តទៅ​ទៀត។ យើង​សង្ឃឹម​លើ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន ដោយ​អ្នក​រាល់​គ្នា​ក៏​ចូល​រួម​ជួយ​យើង​ដោយ​ការ​អធិស្ឋាន​ដែរ។ ហេតុ​នោះ មនុស្ស​ជា​ច្រើន​នឹង​អរ​ព្រះ‌គុណ​ជំនួស​យើង ដោយ​ព្រោះ​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ កាល​ណា​យើង​គិត​ពី​បងប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បងប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បងប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។ បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ដល់​យើង នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។ យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។ រីឯ​បងប្អូន​វិញ បងប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះអង្គ​អំពី​យើង​ដែរ។

ចែក​រំលែក
អាន ២ កូរិនថូស 1

២ កូរិនថូស 1:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ‌លែង ហួស​ពី​កំឡាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះ‌គុណ ដោយ​ព្រោះ​យើង​ខ្ញុំ

ចែក​រំលែក
អាន ២ កូរិនថូស 1