២ កូរិនថូស 1:22-24
២ កូរិនថូស 1:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។ ខ្ញុំសូមជម្រាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេ សូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។ យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរតែប៉ុណ្ណោះ។
២ កូរិនថូស 1:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានដៅចំណាំយើង ហើយប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជារបស់បញ្ចាំចិត្ត។ ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា មិនមែនមានន័យថា យើងធ្វើជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាឡើយ គឺយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាបានឈរមាំក្នុងជំនឿហើយ។
២ កូរិនថូស 1:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។ ខ្ញុំសូមយកព្រះធ្វើជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកឯក្រុងកូរិនថូស នោះគឺដោយប្រណីដល់អ្នករាល់គ្នាទេ មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្ដីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ ដ្បិតអ្នករាល់គ្នាកំពុងឈរហើយ ដោយសារសេចក្ដីជំនឿ។